CNRP គ្រោង​ប្តឹង​ក្រុមយុវជន ដែល​នាំគ្នា​តវ៉ា​ប្រឆាំង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ស្រី ចំរើន តំណាង​ក្រុមនិស្សិត កាលពី​ម្សិលមិញ បាន​ដឹកនាំ​យុវជន​មួយក្រុម​ហែ​ក្បួន​ដាក់​ញ្ញ​តិ​ទៅកាន់​រដ្ឋសភា ស្នាក់ការ​អង្គការសហប្រជាជាតិ ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ផ្ទះ​លោក កឹម សុខា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់​សំឡេង ដែល​ក្រុម​នេះ​សង្ស័យថា​ជា​សំឡេង​លោក កឹម សុខា សន្ទនា​ស្នេហា​។​
​ផ្តើម​ពី​នោះ គណបក្សប្រឆាំង​បានចេញ សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​នៅ​រសៀល​ម្សិលមិញ​នេះដែរ ហើយ​បានប្រកាស ថ្កោលទោស​ចំពោះ​ទង្វើ​របស់​យុវជន ស្រី ចំរើន ដែល​បាន​យក​ទង់ អាវ និង​មួក មាន​សញ្ញា​សម្គាល់​គណបក្ស​សង្គ្រោះ « ទៅធ្វើ​សកម្មភាព​អនាធិបតេយ្យ » នៅ​រាជធានី​ភ្នំពេញ​។​
​តាម​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នោះ គណបក្សប្រឆាំង បានចាត់ទុក​ការយក​សម្ភារ​ដែលមាន​សញ្ញា​សម្គាល់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទៅធ្វើ​ការហែក្បួន នឹង​ប្រមូលផ្តុំ​ដោយ​ក្រុម​លោក ស្រី ចំរើន នេះ​ថា​ជាការ​រំលោភច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា​និង​ច្បាប់ព្រហ្មទណ្ឌ​។ ផ្តើម​ពី​នោះ គណបក្ស​ក៏បាន​ចាត់ទុក​ក្រុម​នេះ​ថា​មាន​ចេតនា​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​នៅក្នុង​សង្គម​។ គណបក្ស​នេះ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដកហូត​អាវ មួក និង​ទង់ ដែលមាន​សញ្ញា​សម្គាល់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ពី​ក្រុម​លោក ស្រី ចំរើន នោះ​វិញ​។​
​ទាក់ទង​ករណី​ខាងលើនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ CNRP បាន​អះអាងថា យើង​កំពុង​ពិភាក្សាគ្នា​ពី​ពាក្យបណ្តឹង​នេះ តែ​មិនទាន់​កំណត់ពេល​ដាក់​ប្តឹង​នៅឡើយ​ទេ​។ លោក​ថា ទង្វើ​របស់​ក្រុម​លោក ស្រី ចំរើន មិនមាន​ការអនុញ្ញាតិ​ពី​គណបក្ស​នោះទេ ហើយ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​៕

campaign