ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក ប្រចាំឆ្នាំ២០១៤ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ក្រោមបរិយាកាសអធិកអធម និងសប្បាយរីករាយ ហើយ ដោយការកាត់ព្រ័ត្រដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកានេះ។មុនពេលពិធីកាត់ព្រ័ត្រ ព្រះករុណា ព្រះមហាក្សត្រ បានប្រទាននូវរង្វាន់ដល់កីឡាករទូកង ដែលទទួលបានចំណាត់ថ្នាក់ផែនលេខ១។ ផែនលេខ១ គឺទទួលបានពាន១ ទង់អនុស្សាវរីយ៍បុណ្យអុំទូក១ ប័ណ្ណ១ និងថវិកា ៤០០ពាន់រៀល។
គណៈកម្មការបច្ចេកទេសរៀបចំប្រណាំងទូក បានប្រកាសអំពីលទ្ធផលជ័យលាភីប្រណាំងទូកប្រចាំឆ្នាំ២០១៤នេះ ដោយទូកគូពិសេស ដែលមានល្បឿនលឿនជាងគេ ក្នុងឆ្នាំនេះមាន ៣ទូក និងទូកដែលមានសោភ័ណ្ឌភាពល្អជាងគេមាន ៤ទូក ហើយទូកដែលជាម្ចាស់ជ័យលាភីលេខ១ បានទៅលើទូកមានឈ្មោះ ស្រីស្រស់គៀន ជ្រៃបារមីតេជោ មកពីខេត្តកំពង់ចាម ដោយប្រើថេរៈវេលាសរុបទាំង៣ថ្ងៃ ២៧នាទី និងជាង១០វិនាទី។
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ ច័ន្ទសោមសែនមង្គល មកពីខេត្តតាកែវ ប្រើថេរៈវេលា ២៧នាទី និង ១៤ៈ៣៤ វិនាទី។ ចំណាត់ថ្នាក់លេខ៣ បានទៅលើ គិរីវង្សសុខសែនជ័យ មកពីខេត្តតាកែវ ប្រើថេរៈវេលា ២៧នាទី និង ២៤ៈ៤៥ វិនាទី។ ចំណាត់ថ្នាក់លេខ៤ បានទៅលើ ស្រីម៉ៅក្រាំងយ៉ូវ មកពីខេត្តកណ្តាល ប្រើថេរៈវេលា ២៧នាទី និង២៥ៈ២៦វិនាទី។ ចំណាត់ថ្នាក់លេខ៥ បានទៅលើ ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម មកពីខេត្តកំពង់ចាម ប្រើថេរៈវេលា ២៧នាទី និង ២៦ៈ៣៨ វិនាទី។
ចំណាត់ថ្នាក់លេខ៦ បានទៅលើ កំសាន្តជលសារ មកពីរាជធានីភ្នំពេញ ប្រើថេរៈវេលា ២៧នាទី និង ២៧ៈ៦២វិនាទី។ ចំណាត់ថ្នាក់លេខ៧ បានទៅលើ ព្រឹទ្ធាចារ្យមហាតេជោសែនជ័យ មកពីខេត្តកំពង់ចាម ប្រើថេរៈវេលា ២៧នាទី និង ៤០ៈ៧៣វិនាទី និងចំណាត់ថ្នាក់លេខ៨ បានទៅលើ ស៊ាសែនជ័យបារមីតេជៈ មកពីខេត្តកំពង់ចាម ប្រើថេរៈវេលា ២៧នាទី និង ៤៦ៈ៧១ វិនាទី។
សូមបញ្ជាក់ ការឲ្យចំណាត់ថ្នាក់នេះ គឺជ្រើសយកទូក ដែលអុំឈ្នះទាំង៦ជើង មានល្បឿនលឿនជាងគេ ពោលគឺ ប្រើថេរៈវេលាតិចជាងគេបំផុត។
ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ទូកអុំ ជាប់ផែនលេខ១ មានចំនួន ១១៩ទូក ផែនលេខ២ មាន ៤៨ទូក ផែនលេខ៣ មាន ៣២ទូក និងផែនលេខ៤ មាន ១៦ទូក។ រីឯទូកចែវនារី ផែនលេខ១ មាន ១ទូក និងផែនលេខ២ មាន ១ទូក។
ចំណែកទូកចែវបុរស ផែនលេខ១ មាន ៦ទូក ផែនលេខ២ មាន ៩ទូក ផែនលេខ៣ មាន ៨ទូក និងផែនលេខ៤ មាន ៧ទូក។នេះបើតាមការប្រកាសពីគណៈកម្មការបច្ចេកទេសរៀបចំបុណ្យអុំទូក បស់ក្រសួងអប់រំ យុវជន និងកីឡានាល្ងាចនេះ។
ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៤នេះ មានទូកចំនួន ២៤៥ទូក ចូលរួមប្រកួតប្រជែង។ ក្នុងនោះទូកអុំបុរស ១៦១ទូក អុំនារី១ទូក ទូកចែវបុរស២៨ទូក ចែវនារី ២ទូក ទូកខ្នាតអន្តរជាតិបុរស ៥២ទូក ទូកខ្នាតអន្តរជាតិនារី ១ទូក។
ចំពោះចំណុះទូកសរុបមាន១៧.៤២១ នាក់ ដោយកម្លាំងអុំបុរសមាន ១៤.២៦២នារី ១៥៦នាក់ និងកម្លាំងត្រៀមបំរុងបុរស២.៩៥៨ នាក់ នារី៤៥នាក់។
ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ពុំមានកីឡាករអុំទូក ចែវទូកណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ៕ប្រភព៖fpm