ខេត្តសៀមរាប ៖ សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តទំនើបមួយគ្រឿង បើកពីទិសខាង លិច មកកើតក្នុងល្បឿនលឿនបណ្តាលឲ្យជ្រុលទៅបុក អ្នកបើកម៉ូតូធ្លាក់ប្រឡាយ ឈ្លក់ទឹក ទាំងរថយន្ត និងម៉ូតូ បណ្តាលឲ្យ របួសធ្ងន់ ទាំង២នាក់ ម្តាយ និងកូនស្រី ។
រថយន្តទំនើប របស់តារាចំរៀង បើកលឿនដូចហោះ ជ្រុលទៅបុកម៉ូតូ លាន់ដូចរន្ទះ ធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យ ស្លាប់ម្តាយ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ និង របួសធ្ងន់ កូនស្រី កំពុងសម្រាក នៅមន្ទីរពេទ្យ ឯកជន ក្នុងក្រុងសៀមរាប ខណៈកំពុង ដឹកម្តាយ យកអំបុកទៅលក់ នៅថ្ងៃបុណ្យអុំទូក ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលា ម៉ោង៦ និង៤០នាទី ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៦ ក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោក វរៈសេនីយ៍ត្រី ទេព ពុំ សែន អធិការនគរបាល ស្រុកពួក បានឲ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះមកធ្វើការ វាស់វែង រួចស្ទួចរថយន្ត និងយកម៉ូតូ ឡើងមកលើគោក ដើម្បីដោះ ស្រាយ ពេលនោះ ក៏ហៅរថយន្ត ដឹកអ្នករបួស យកទៅសង្គ្រោះ នៅពេទ្យឯកជន ។ លោកបន្តថា នៅក្នុងរថយន្តសេលីកា (Celica) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1055 មានគ្នា៣នាក់ បើកបរដោយ ឈ្មោះ មាស ចិត្រា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិ៨ឆោម ឃុំពង្រ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ឈ្មោះ ជុំ លីណូ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុក កំណើត នៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅ ភ្នំពេញ និងម្នាក់ទៀត ជាប្អូនប្រុស ជុំ លីណូ ឈ្មោះ រុន ភារៀម ភេទប្រុសអាយុ១៧ឆ្នាំ បានបើកបរ ពីទិសខាងកើត ទៅលិច លុះដល់ចំណុច កើតហេតុ ក៏បានបុក នឹងម៉ូតូ១គ្រឿង ធ្លាក់ប្រឡាយ បណ្តាលឲ្យ ពីរនាក់ម្តាយ និងកូន រងរបួសធ្ងន់។
ម៉ូតូជនរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខសៀមរាប 1M 5548 បើកបរដោយ ឈ្មោះ សុ ភួន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ បានឌុបម្តាយ ពីក្រោយ ឈ្មោះ មាស សុខុម អាយុ៥១ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បើកបរ មកពីលិច ទៅកើត ដើម្បីយកអំបុក ទៅលក់ ថ្ងៃបុណ្យអុំទូក បានស្លាប់ភ្លាមៗ ពេលដែលដឹក ដល់មន្ទីរពេទ្យ រីឯកូនស្រី រងរបួសធ្ងន់ កំពុងដេក នៅមន្ទីរពេទ្យ។
លោកបន្ថែមទៀតថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាង សំណុំរឿង បញ្ជូនរថយន្ត និងម៉ូតូ ទៅកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីដោះស្រាយ តាមទៅផ្លូវច្បាប់ ចំណែកសាកសព ប្រគល់ឲ្យ ក្រុម គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី កូនរបស់ជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ឯកជន ក្នុងក្រុងសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលនៅក្នុងស្នងការខេត្ត បានបង្ហើបប្រាប់នៅរសៀល ថ្ងៃទី០៧ វិច្ឆិកា ថា អ្នកបើករថយន្ត សេលីកា ត្រូវបានរត់បាត់ តាំងពីពេលព្រឹកម្ល៉េះ ដោយសារ ឃើញ សមត្ថកិច្ច កំពុងរវល់ ទើបមានឱកាស អាចលួចរត់បាន។
បច្ចុប្បន្នសមត្ថកិច្ច នគរបាល ចរាចរផ្លូវគោក នៃស្នងការខេត្ត បានប្រាប់នៅកន្លែង ក្នុងការិយាល័យថា បច្ចុប្បន្ននេះ ជនរងគ្រោះ និង ម្ចាស់រថយន្ត ជាតារាចំរៀងនោះ ត្រូវបានក្រុមគ្រួសារ ចូលខ្លួនដោះស្រាយ សងជម្ងឺចិត្ត ឲ្យខាងជនរងគ្រោះ ចំនួន៧៥០០ដុល្លារ ដើម្បីបញ្ចប់រឿង៕ប្រភព៖ssn