ខេត្តរតនគិរី៖បុរសជនជាតិដើមភាគតិចច្រាយម្នាក់ផឹកស៊ីស្រវឹងគំរាមបោកគ្រាប់បែកត្រូវប្រជាពលរដ្ឋផ្អើល ទូរស័ព្ទរាយការណ៍ទៅកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះទៅឃាត់ខ្លួននាំយកមកសាកសួរកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលា។
ហេតុការណ៍ឃាត់ខ្លួនបុរសគំរាមបោកគ្រាប់បែកនេះបានធ្វើឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៤ និង២៩នាទីល្ងាច នៅភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ បុរសនោះមានឈ្មោះ រម៉ាម ដួល អាយុ៤០ឆ្នាំ ជនជាតិច្រាយ មានលំនៅភូំ ឃុំខាងលើ មុខរបរធ្វើចំការ។
តាមការអោយដឹង ពីលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវថា ជនល្មើសឈ្មោះ រម៉ាម ដួល បានផឹកស៊ី ជាមួយមិត្តភ័ក្តក្នុងភូមិ ពេលស្រវឹង ទាស់សំដីគ្នា ក៏ទាញគ្រាប់បែកចេញពីហោប៉ៅខោ គំរាមបោក ធ្វើអោយមិត្តភក្តិ កំពុងអង្គុយផឹកជាមួយគ្នា រត់ចែកជើងគ្នាផ្អើលអស់អ្នកភូមិ។ ប្រជាពលរដ្ឋក្នុង ម្នាក់ក៏ទូរស័ព្ទ មករាយការណ៍ លោកក៏ដឹកនាំកម្លាំងចុះទៅជាបន្ទាន់ដល់ កន្លែងកើតហេតុភ្លាមៗ ហើយឃាត់ខ្លួនបុរសនេះភ្លាម ឆែកហោប៉ៅ ក៏ឃើញគ្រាប់បែកមួយគ្រាប់មែន។ លោកមេបញ្ជាការ បានបន្តថា តាមការសារភាពពីជនល្មើសថា គ្រាប់បែកនេះគេបានលាក់ទុក ជាង១០ឆ្នាំ មកហើយទុកសម្រាប់ការពារខ្លួនគេ តែជននេះមិនបានប្រាប់ថា បានមកពីណានោះទេ។
បច្ចុប្បន្នជនល្មើស ត្រូវកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ ពីបទរក្សារទុក អាវុធជាតិផ្ទុះ ដោយខុសច្បាប់៕