ភ្នំពេញ៖ តុលាការសាលាដំបូងភ្នំពេញបាន សម្រេចឃុំខ្លួនលោក មៀច សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយរបស់គណ បក្សសង្គ្រោះជាតិ និងជាប្រធានវិទ្យុខ្មែរប៉ុស្តិ៍ ដាក់នៅក្នុងពន្ធនាគារព្រៃស ជាបណ្តោះអាសន្នហើយ។ នេះបើតាមការឱ្យដឹងពីសំណាក់ មន្ត្រីសាលាដំបូងភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។
សូមបព្ជាក់ថា លោក មៀច សុវណ្ណារ៉ា បានត្រូវសមត្ថកិច្ច រាជធានីភ្នំពេញ ឃាត់ខ្លួននៅម៉ោងជិត១១ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅជិតមន្ទីរពេទ្យព្រះអង្គដួង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលរូបលោកកំពុងជិះនៅលើរថយន្ត។
ប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ការចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិញនេះ គឺតាមដីកាបង្គាប់ របស់លោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។
កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញដីកា កោះហៅ លោក មៀច សុវណ្ណរ៉ា ឲ្យចូលខ្លួនបំភ្លឺនៅសាលាដំរាជធានីភ្នំពេញ ករណី ជាប់ពាក់ព័ន្ធនឹងអំហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ៕ប្រភព៖fpm