ភ្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួល លេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយ ផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយសារនារីវ័យក្មេងម្នាក់បានចង.ក ស្លាប់ក្នុងបន្ទប់ជួល។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ឱ្យដឹងថា នារីដែលធ្វើអត្តឃាតឈ្មោះ លីន ណា អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងឫស្សី ឃុំតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមកជួលបន្ទប់កន្លែងកើតហេតុស្នាក់នៅ ។ ការចង.ក សម្លាប់ខ្លួននេះ ពុំមានអ្នកណាម្នាក់ ដឹងថាបានកើតឡើងនៅពេលណាឡើយ ព្រោះស្ត្រីរងគ្រោះស្នាក់នៅក្នុងបន្ទប់ជួលនេះតែម្នាក់ឯង ។
មន្ត្រីរូបនោះបន្តថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានក្មេងៗមួយក្រុមនាំគ្នារត់លេង នៅខាងមុខបន្ទប់នោះ ក៏បានធុំក្លិនស្អុយប្លែកភាយចេញពីក្នុងបន្ទប់ ហើយក៏បានទៅប្រាប់ចាស់ៗ ដែលនៅជិតនោះ ។ ក្រោយពីក្មេងៗ ប្រាប់ដូច្នោះ ក៏បាននាំគ្នាមកមើល និងយកដៃ ទៅគោះរុញទ្វារក៏របើក និងបានប្រទះឃើញស្ត្រីរងគ្រោះចង.ក ជាប់នឹងចម្រឹងបង្អួច ដែលមានសភាពហើមស្អុយទៅហើយ ។
សមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីវ័យក្មេងមានផ្ទៃពោះម្នាក់នេះបានដាច់ចិត្តចង.ក ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល ព្រោះមានវិបត្តិស្នេហា ហើយដោយសារតែ ពុំមានអ្នកណាដឹង រហូតដល់សព ជះក្លិនស្អុយ ទើបនាំគ្នាទៅ បើកទ្វារមើល ឃើញស្ត្រីរូបនេះចង.ក ស្លាប់មិនដឹង តាំងពីពេលណា បាត់ទៅហើយ ។
នៅពេលកម្លាំងមានសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ បានពិនិត្យឃើញថា ស្ត្រីវ័យក្មេងនេះ ពិតជាបានធ្វើ អត្តឃាតចង.ក សម្លាប់ខ្លួន ប្រហែលជា៣ ទៅ៤ថ្ងៃមកហើយ ។ នៅក្នុងបន្ទប់ កើតហេតុនោះ គេបានរកឃើញ មានកូនសៀវភៅកត់ត្រាតូចមួយចុះ ថ្ងៃទី៩ វិច្ឆិកា ដែលនាងបាន សរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះ ដោយសារតែការស្រឡាញ់បុរសម្នាក់ដែលតែងតែ ភូតកុហក និងបោកប្រាស់នាង ។
ប្រការដែលគួរឲ្តរន្ធត់នោះគឺបានសរសេរថា នាងបានយកកូន នៅក្នុងផ្ទៃរបស់នាងទៅជាមួយផងដែរ ហើយបានផ្តាំទៅបុរសដែលបោកប្រាសនាងនោះថា រស់នៅឱ្យបានសុខទៅចុះ ! ។
ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យរួចហើយ សពត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕