ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នេះ លោក ឃឹម ប៉ុណ្ណ ចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានបើកសវនាការលើកយកសំណុំរឿងព្រហ្មទណ្ឌអំពើហិង្សាដោយចេតនា មានជនជាប់ចោទឈ្មោះ ដេវីត ឆាយណាវ៉ា ភេទប្រុស អាយុ៤២ឆ្នាំ។
គេបានដឹងថា សវនាការនេះ ធ្វើឡើងបន្ទាប់ពីជនជាប់ចោទរូបនេះ បានប្តឹងសាទុក្ខប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ទរណ៍ដែលបានផ្តន្ទាទោសដាក់ពន្ទនាគារ២ឆ្នាំ។ ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០១៤ ក្នុងសំណុំរឿងមួយនេះជនជាប់ចោទបែរជាសុំដកពាក្យបណ្តឹងសាទុក្ខ ពីតុលាការកំពូលដោយខ្លួនយល់ព្រមទទួលទោសជាប់ពន្ធនាគារ២ឆ្នាំ តាមការសម្រេចរបស់សាលាឧទ្ទរណ៍ដើម្បីបញ្ចប់រឿងទៅវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទពីរនាក់ ឈ្មោះ ដេវីត ឆាយណាវ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ ៣ឆ្នាំ និងឈ្មោះ អូ ហ្វី ភេទប្រុស អាយុ២២ឆ្នាំ ដែលត្រូវជាក្នួយរបស់ឈ្មោះ ដេវីត ឆាយណាវ៉ា និងឈ្មោះ យ៉ាន ស៊ីណា អតីតជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ៗ ដាក់ពន្ធនាគារ ២ឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ អំពើហិង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស ករណីព្រួតគ្នាវាយអ្នកកាសែតឲ្យរបួសធ្ងន់ធ្ងរ។
ចៅក្រមសាលាឧទ្ទរណ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ បានបើកសវនាការលើសំណុំរឿងនេះ និងបានសម្រេច បន្ថយទោសជនជាប់ចោទឈ្មោះ ដេវីត ឆាយណាវ៉ា ដែលសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស៣ឆ្នាំ មកនៅត្រឹម២ឆ្នាំ តែឈ្មោះ យ៉ាន ស៊ីណា អតីតជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កំពុងរត់គេចខ្លួន ដាក់តម្កល់ទោស ២ឆ្នាំ ក្នុងពន្ទនាគារដដែល និងបញ្ចប់ដីកាតាមចាប់ខ្លួន។សាលាឧទ្ទរណ៍ក៏បានសម្រេចដោះលែងក្មួយប្រុសរបស់ ដេវីត ឆាយណាវ៉ា ឈ្មោះ អូ ហ្វី ភេទប្រុស អាយុ២២ឆ្នាំ តម្កល់ទោសចំនួន ២ឆ្នាំដដែល តែអនុវត្តក្នុងពន្ទនាគារត្រឹម ១១ខែ១៥ថ្ងៃវិញ គិតពីពេលចាប់ខ្លួន។
កាលពីសវនាការសួរដេញដោលនៅសាលាដំបូងរាជធានីបានប្រើរយៈពេលជាង ៣ម៉ោង ដោយមានការចាក់ផ្សាយនូវវីដេអូឃ្លីបនៃអំពើហិង្សាដែលជនជាប់ចោទ បានវាយលើអ្នកកាសែតផងដែរ។ ក្នុងនៅសំណុំរឿងនេះ មានជនរងគ្រោះចំនួន ៥នាក់មកពីអង្គភាពកាសែត និងទូរទស្សន៍ក្នុងស្រុក ដែលជាអ្នករាយការណ៍ព័ត៌មានពេលយប់។ប៉ុន្តែនៅពេលមកដល់តុលាការកំពូលឈ្មោះ ដេវីត ឆាយណាវ៉ា បានសម្រេចស្នើសុំដកពាក្យបណ្តឹងសាទុក្ខរបស់ខ្លួនវិញ ដោយព្រមទទួលទោសដែលសាលាឧទ្ទរណ៍បានសម្រេច ២ឆ្នាំ ក្នុងពន្ធនាគារ៕
ជនជាប់ចោទឈ្មោះ ដេវីត ឆាយណាវ៉ា