ខេត្តសៀមរាប: មន្ត្រីយោធាពីររូបក្នុងនោះមានម្នាក់កំពុងបម្រើការក្នុងកងពលលេខ៥ ត្រូវប្រជាពលរដ្ឋច្រើនគ្រួសារចោទប្រកាន់ថា បានប្រើ ប្រាស់សិទ្ធិអំណាចជាយោធាយកគ្រឿងចក្រទៅឈូសឆាយរំលោភយកដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ។
កាលពីពេលថ្មីៗកន្លងទៅនេះមានព័ត៌មានមួយធ្លាយចេញពីទឹកដីខេត្តសៀមរាបបានឲ្យដឹងថាលោកសំរិត សារ៉េត អតីតមេកងពលលេខ៥បាន និងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់អូរបៃតាប់ ឃុំស្រែណូយ
ស្រុកវ៉ារិន ខេត្តសៀមរាប មានការក្តៅក្រហាយយ៉ាងខ្លាំងចំពោះទង្វើដែលគេអះអាងថាជាអំពើដ៏អាក្រក់របស់គាត់។
ប្រភពដដែលនោះបានបញ្ជាក់ថា លោកសំរិត សារ៉េត ត្រូវបានថ្នាក់លើដកហូតមុខតំណែងចេញពីអង្គភាពរយៈពេលជាងមួយឆ្នាំកន្លងមកហើយក៏ប៉ុន្តែលោកសំរិត សារ៉េត បានបង្កបញ្ហាដល់ប្រជាពលរដ្ឋឥតស្រាក ពិសេសគឺបញ្ហាដីធ្លីជាប់នឹងរបងបន្ទាយកងពលលេខ៥ដោយលោកសំរិត សារ៉េត បានឃុបឃិតគ្នាជាមួយនិងកងទ័ពអាកាសចុះវាស់ វែងកាន់កាប់ យកដីនៅក្រោយបន្ទាយកងពលលេខ៥យកទៅធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន រំលោភយកដល់ដីរបស់ប្រជាពលរដ្ឋដែល មានលិខិត ស្នាមត្រឹមត្រូវចេញដោយអាជ្ញាធរនៅក្នុងមូលដ្ឋានយ៉ាងគឃ្លើន។
ប្រភពព័ត៌មានបន្តទៀតថា ករណី់លោកសំរិត សារ៉េត ឃុបឃិតគ្នាចុះវាស់វែងដីធ្លីខាងលើនេះមិនបានសហការជាមួយនិងអាជ្ញាធរភូមិឃុំណាមួយនោះទេគឺចុះវាស់វែងស្ងាត់ៗប្រៀបបីដូចជាចោលលួចគោនិងសេះអញ្ចឹង។ ប្រភពខាងលើនេះឲ្យដឹងទៀតថា កាលពីពេលថ្មីកន្លងទៅនេះ ខណៈដែលប្រមុខរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមានសមត្តកិច្ចខេត្តសៀមរាបរវល់ជាប់ដៃនាំគ្នាប្រារព្វពិធីឡើងគ្រងរាជសម្បត្តិគម្រប់១០ឆ្នាំរបស់ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបែរជាលោកសំរិត សារ៉េត ឆ្លៀតឱកាសយកគ្រឿងចក្រទៅជីដីដែលគេបានឃុបឃិតគ្នារំលោភយកនោះបង្ក ឲ្យប្រជាពលរដ្ឋមានការក្តៅក្រហាយយ៉ាងខ្លាំង ដែលមិនត្រឹមតែតិះដៀលលោកសំរិត សារ៉េត តែម្នាក់ប៉ុណ្ណោះទេ។
ពលរដ្ឋដែលត្រូវគេរំលោភយកដីគាត់ បានដកស្រង់សំដីមន្ត្រីយោធាម្នាក់ សុំមិនបញ្ចេញឈ្មោះដែលបាននិយាយថា ការឃុបឃិតគ្នាវាស់យកយកដីបែបអនាធិបតេយ្យខាងលើនេះគឺ មានបញ្ជាពីលោក វរៈសេនីយ៍ទោ បូវី ជាយោធាស្ថិតក្នុងកងពលលេខ៥ ។ ទោះបីជាមានបញ្ហាយ៉ាងនេះក្តី ក៏រហូតមកដល់ពេលនេះ អគ្គបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំខេត្តសៀមរាបនៅមិនទាន់ចាត់វិធានការនៅឡើយទេ។
កន្លងមក ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនធ្លាប់បានធ្វើការព្រមានម្តងជាពីរដងរួចមកហើយដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័នដែលជាប់ពាក់ព័ន្ធនិងរឿងអំពើពុករលួយការកាប់បំផ្លិចបំផ្លាញព្រៃឈើ ការឈូសឆាយដីរបស់រដ្ឋនិងអំពើពុករលួយជាច្រើនផ្សេងទៀត ដោយព្រមានឲ្យត្រូវតែដកខ្លួនឲ្យឆ្ងាយជាបន្ទាន់បើមិនដូច្នោះទេ នឹងត្រូវប្រគល់តួនាទីនេះឲ្យទៅតុលាការជា អ្នកចាត់ការទៅតាមនីតិវិធី បើទោះបីជាជននោះឋានៈពាក់ផ្កាយ ឬក៏ពាក់លោកខែក៏ដោយ។
លោក វរៈសេនីយ៍ទោ បូវី និងលោកសំរិត សារ៉េត កាលពីរសៀលថ្ងៃសុក្រទី១៤ ខែវិច្ឆិកា នេះ សារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការពន្យល់ពាក់ព័ន្ធនឹងករណីដូចខាងលើនេះបានទេ។ មេគង្គប៉ុស្តិ៍ នឹងព្យាយាមទាក់ទងលោកទាំងពីរសាជាថ្មីដើម្បីទទួលបាននូវព័ត៌មានពិស្តារសម្រាប់ផ្សាយជូនឲ្យប្រិយ៍មិត្តបានជ្រាបជាបន្តទៀត៕