សៀមរាប៖ មនុស្សប្រុស-ស្រីប្រមាណ ៣នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង០៦នាក់ផ្សេងទៀតរងរបូសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ រវាងរថយន្ដ និងរថយន្ដ ខណៈរថយន្ដបង្កបើកគេចជង្ហុក បណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដង។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវជាតិលេខ៦ ពីសៀមរាប ទៅបន្ទាយមានជ័យ ស្ថិតនៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្ដសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត រួមមាន ទី១ឈ្មោះ-ប៊ុត គឹមលឿង អ្នកបើកបររថយន្ដ ទី២-ឈ្មោះ ហ៊ុន ម៉ើ ភេទប្រុស អាយុ៤១ នៅភូមិពន្លៃ ឃុំណាំតាវ និងទី៣-មិនទាន់ស្គាល់អត្ដសញ្ញាណ។ ចំណែកអ្នករបួស មិនទាន់ស្គាល់អត្ថសញ្ញាណនៅឡើយទេ ប៉ុន្ដែដឹងថា មានស្រី០៦នាក់។
សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ដបង្កម៉ាក កាម៉ារីពណ៌ខ្មៅ សេរី២០០៦ ពាក់ស្លាកលេខ កំពង់ចាម ២A-11 64 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយនិងរថយន្ដមួយគ្រឿងទៀត ម៉ាកកាម៉េរី ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ប៉ៃលិន 2A-06 58 អ្នកបើកបរឈ្មោះ ប៊ុត គឹមលឿង (ស្លាប់) ក្នុងទិសដៅពីលិចទៅកើត ពេញទំហឹង បណ្តាលឲ្យមនុស្ស ០៣នាក់បានស្លាប់ភ្លាមៗ នៅកន្លែង នឹង០៦ នាក់ផ្សេងទៀត រងរបួស កំពុងដឹកទៅសង្គ្រោះបន្ទាន់។
ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ច បានចុះទៅវាស់វែង បានយករថយន្ដទាំង២គ្រឿងទៅរក្សាទុកក្នុងអធិការនគរបាលស្រុកពួក ដើម្បីរង់ចាំការដោះស្រាយបន្ត៕ប្រភព៖fpm