លោ​កស ខេង បញ្ជូន​សំណើ​លោក​សម រង្ស៊ី ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​ផ្តល់ យោបល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2014 ក+ ក-

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃបាន​ប្រាប់ ​ឲ្យ​នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​លិខិត​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានស្នើ​ឲ្យ​មានការ​ដោះលែង​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបន្ទាយមានជ័យ និង​បាន​បញ្ជូន​សំណើ​នេះ ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​ហើយ​។​

លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ចាត់​ឲ្យ បញ្ជូន​លិខិត របស់លោក សម រង្ស៊ី ដែល​ស្នើ​ឲ្យ​ដោះលែង​នឹង ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​ស្នើយោបល់​។​

គួ​​រ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា ដែលជា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន នៅ​ចំណុច​ជិត​ពេទ្យ​អង្គឌួង ខណៈពេលដែល​កំពុងតែ​ធ្វើដំណើរ​។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ដឹកនាំ​កុបកម្ម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ផ្តួច​ផ្តើមគំនិត​ក្នុង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤៕

Untitled-3