​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​បដិ សេធ​មិនបាន​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ឡាន​ឈ្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2014 ក+ ក-

ភ្នំពេញ​៖​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) កំពុងមាន​ការបញ្ចេញ​យោបល់​រិះគន់​និង​ចែកចាយ​បន្ត​គ្នាលើ​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​ដែលមាន​មន្ត្រី​ក្រសួងទេសចរណ៍​មួយក្រុម ជិះ​ធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​នៅ​ខេត្តរតនគិរី ហើយ​ឈានទៅដល់​ការប្ដឹង​ផ្ដល់​គ្នា​ជាមួយ​ម្ចាស់​រថយន្តឈ្នួល​នោះ ដើម្បី​ទារប្រាក់​ជំងឺ​ចិត្ត ៤​ពាន់​ដុល្លារ​។ ករណីនេះ​កំពុងមាន​ភាពស្មុគស្មាញ​ជាខ្លាំង​លើ​ការចោទប្រកាន់​គ្នា​ទៅ វិញ​មក​។​

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ១​រូប​ក្នុងចំណោម ៤​រូប បាន​ចេញមុខ​បកស្រាយ​ថា ខ្លួន​ជា​ជនរងគ្រោះ បន្ទាប់ពី​មានការ​យល់ច្រឡំ និង​រិះគន់​រូបគាត់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​បាន​ជំរិត​ទារប្រាក់​ពី​ម្ចាស់​រថយន្តឈ្នួល​ដែលមាន​ភាពក្រីក្រ​។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោកស្រី សម មុន្នី​កា បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​១៣ វិច្ឆិកា ថា លោកស្រី​គឺជា​ជនរងគ្រោះ​ដែល​ស្ទើរតែ​គ្រោះថ្នាក់​ស្លាប់​ក្នុងពេល​ជិះ រថយន្តឈ្នួល​នោះ ដោយសារតែ​យុវជន​អ្នកបើកបរ​និយាយ​ទូរស័ព្ទ បើកបរ​ក្នុង​លឿន ១២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ពុំមាន​ប័ណ្ណបើកបរ​ទេ​។ លោកស្រី​បន្តថា នៅពេល​មាន​គ្រោះថ្នាក់​មកដល់​កាលពី​ថ្ងៃទី​១៩ ខែតុលា នោះ គាត់​ជិះ​ខាងមុខ​បាន​រងរបួស​ដោយ​ស្រាំ​ឆ្អឹង​លើ​ជង្គង់ ប៉ះពាល់​ឆ្អឹងត្រគាក និង​ដើមទ្រូង ហើយ​បច្ចុប្បន្ន​គាត់​នៅមាន​អាកា​រៈ​ស្ពឹក​ក្បាល និង​ខ្លួន​១​ចំហៀង ហើយ​និង​សួត បន្ទាប់ពី​ទៅពិនិត្យ​និង​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​

​លោកស្រី​បញ្ជាក់ថា ថៅកែ​រថយន្តឈ្នួល​មិនបាន​សម្របសម្រួល ឬ​សួរសុខទុក្ខ​គាត់​ទេ​នៅ​ប៉ុស្តិ៍​ប៉ូលិស ទើប​គាត់​ទារប្រាក់​សំណង​ម្នាក់ ១​ពាន់​ដុល្លារ គឺ ៤​នាក់ ៤​ពាន់​ដុល្លារ តែ​ឥឡូវ​គាត់​បាន​ព្យាបាល​ខ្លួន​អស់ ២​ពាន់​ដុល្លារ​ហើយ​។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​ឈ្មោះ ផែង វណ្ណៈ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ និង​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​ផ្ដួច​ផ្ដើមគំនិត​ប្រមូល​ថវិកា​ចំនួន ៤​ពាន់​ដុល្លារ មក​សង​គាត់ និង​ថា​អ្នករត់​តាក់ស៊ី​នោះ​ជា​ពលរដ្ឋ​ក្រីក្រ គឺជា​រឿង​មិន​ពិត​ឡើយ​៖ «​សំឡេង​»​។​
​ទោះជា​យ៉ាងណា លោកស្រី សម មុន្នី​កា ថ្លែង​ទៀតថា គាត់​មិនដែល​ស្គាល់​លោក ផែង វណ្ណៈ និង​ពុំ​ធ្លាប់មាន​គំនុំ ឬ​ជម្លោះ​ជាមួយ​បុគ្គល​នេះឡើយ​។ លោកស្រី​មិន​យល់ថា ហេតុអ្វី​បានជា​មានការ​បង្ហោះ​រូបភាព និង​ពិពណ៌នា​បំផ្លើសការពិត​ចំពោះ​គាត់​នោះទេ​។​
​ការលើកឡើង​នេះ​បន្ទាប់ពី​លោកស្រី សម មុន្នី​កា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អ្នក​រួម​ការងារ ៣​នាក់​ផ្សេងទៀត ជិះ​តាក់ស៊ី​ទៅ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​១៩ ខែតុលា ខណៈពេល​កំពុងបើក​ប​រ ហើយ​រថយន្ត​បាន​ខូច​ចង្កូត​ដាច់​រ៉ូ​ទីល​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ចំណុច​ភូមិ ៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ លោកស្រី​បាន​ទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​ដុល្លារ​។​

​បញ្ហា​នេះ​ក៏មាន​ការចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក ផែង វណ្ណៈ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ និង​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ និង​លោក ព្រំ សាន មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ផ្ដួច​ផ្ដើមគំនិត​ប្រមូល​ថវិកា​ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ជា​សំណង​។ ទឹកប្រាក់​ទាំងនោះ ត្រូវបាន​គេ​ដឹងថា មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ ៥០០​ដុល្លារ លោកស្រី ហ៊ុន ស៊ី​ណាត ជា​ប្អូនស្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក នឹម ច័ន្ទ​តារា ៣០០​ដុល្លារ និង​លោក ជុំ កុសល អ្នក​អត្ថាធិប្បាយ​នយោបាយ​តាម​ទូរទស្សន៍ ១០០​ដុល្លារ លោក ផែង វណ្ណៈ ខ្លួនឯង ២០​ម៉ឺន​រៀល រួម​នឹង​សប្បុរសជន​ជាច្រើន​នាក់​ផ្សេងទៀត ដើម្បី​ជួយ​ម្ចាស់​រថយន្តឈ្នួល ឈ្មោះ គឹម ពិសិដ្ឋ ដែលមាន​ភាពក្រីក្រ​។​

ឆ្លើយតប​បញ្ហា​នេះ លោក ផែង វណ្ណៈ ដែលជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ប្រមូល​ថវិកា បាន​ឆ្លើយតប​ថា លោក​ជួយប្រមូល​ថវិកា​នេះ ដោយសារ​លោក​មើលឃើញ​ការខ្វះខាត​របស់​ម្ចាស់​តាក់ស៊ី​ដែល​គ្មាន​លទ្ធភាព​រក លុយ​សំណង​ចំនួន ៤​ពាន់​ដុល្លារ​នេះ បន្ទាប់ពី​លោក​បានដឹង​បញ្ហា​នេះ​តាម​ម្ចាស់​តាក់ស៊ី ដែលជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក មួយរូប​បាន​អំពាវនាវ​ពី​ការខ្វះខាត​របស់ខ្លួន​ប៉ុណ្ណោះ​។ លោក​ថា ការជួយ​នេះ​គឺធ្វើឡើង​ក្នុង​រូបភាព​មនុស្សធម៌​សុទ្ធសាធ​មិន​ពាក់ព័ន្ធ អ្វី​ទាំងអស់ ហើយ​លោក​ទើបបាន​ដឹងថា ដើមបណ្ដឹង​គឺ​លោកស្រី សម មុន្នី​កា ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅពេល​ក្រោយៗ​មក​ទេ​៖ «​សំឡេង​»​។​

ទាក់ទង​បញ្ហា​នេះដែរ នៅក្នុង​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី​១៣ វិច្ឆិកា ការ​មានការ​បង្ហោះ​តៗ​នូវ​លិខិត​ពី​កាកបាទក្រហមកម្ពុជា ដែល​បាន​បដិសេធ​មិន​ទទួល​ប្រាក់​ពី​លោកស្រី សម មុ​នី្ន​កា ដែលថា លោកស្រី​បរិច្ចាគ​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ​នេះ​ទៅ​ឲ្យ​កាកបាទក្រហម​។​

អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា លោកស្រី ពុំ ចន្ទី​នី បាន​បំភ្លឺថា កាកបាទក្រហម​មិនអាច​ទទួល​ប្រាក់​ជំនួយ​ដែល​បានមកពី​របៀបនេះ​បាន​នោះទេ​៖ «​សំឡេង​»​។​

តែ​ទោះជា​យ៉ាងណា លោកស្រី សម មុន្នី​កា បាន​អះអាងថា គាត់​មិនទាន់​បានប្រគល់​ប្រាក់​នោះ​ទៅ​កាកបាទក្រហម​នោះទេ គឺ​លោកស្រី​គ្រាន់តែ​បាន​និយាយ​ក្នុងពេល​លោក ផែង វណ្ណៈ យកប្រាក់ ៤​ពាន់​ដុល្លារ​ទៅ​ប្រគល់ជូន​គាត់​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ថា​នឹង​បង្វិលប្រាក់​នេះ​ជូនទៅ​កាកបាទក្រហម និង​មន្ទីរពេទ្យ​គន្ធបុប្ផា តែ​បែរជា​ឃើញ​លិខិត​បដិសេធ​ពី​កាកបាទក្រហម​ទៅវិញ​។ ទោះជា​បែបនេះ​ក្ដី ថវិកា​នេះ​គាត់​បានប្រគល់​ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រួចហើយ​។​

​សំណុំរឿង​ប្ដឹងផ្ដល់​ទារ​សំណង​នេះ ត្រូវបាន​គេ​សរសេរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការប្ដឹង​ទារប្រាក់​នេះ​ព្រោះតែ​បានធ្វើ​ឲ្យ​ក្រុម​លោកស្រីៗ​នៅក្នុង ក្រសួងទេសចរណ៍ ដែលមាន​ស្វាមី​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ មានការ​ផិត​ភ័យ​កើតចេញពី​ការ​ជិះ​រថយន្តឈ្នួល​នោះ ហើយ​បញ្ហា​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​៕

Untitled-1

លោក ផែង វ​ណ្ណះ និង លោក ព្រំ សាន្ត ដែលជា​តំ​ណា​ម្ចាស់​រថយន្ត រត់​តាក់ស៊ី បាន​រៃអង្គាសប្រាក់​គ្នា​ចំនួន​បួន​ពាន់​ដុល្លារ យកទៅ​ប្រគល់ជូន​លោកស្រី សម មុន្នី​កា នៅ​ការិយាល័យ​ស្ថិតនៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នៅ​សៀ​ល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤(​រូបៈ​Facebook​លោក ផែង វ​ណ្ណះ​)