ដោយ ៖ ខេមរិន្ទ
ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញនៅល្ងាចថ្ងៃចន្ទ ទី ២ ខែឧសភា នេះ បានចេញដីការបញ្ជូនមន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ទៅឃុំខ្លួនបណ្តោះអាសន្ននៅពីកន្លៃងផ្សេងគ្នាគឺពន្ធនាគារព្រៃ ស និងមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយចោទពីបទសូកប៉ាន់សាក្សី និងសមគំនិត។
ក្រោយពេលស៊ើបសួរអស់រយៈពេលពីរថ្ងៃរួចមក នៅម៉ោងប្រមាណជិត៦ល្ងាច ថ្ងៃចន្ទនេះ អ្នកទាំង៥ រូបត្រូវបានបញ្ជូនខ្លួនចេញពីតុលាការក្រុងភ្នំពេញទៅកាន់ពន្ធនាគារព្រៃស និងមន្ទីរឃុំឃាំងរបស់នគរបាលរាជធានីភ្នំពេញ។
លោកស្រី គា សុផល មេធាវីការពារក្ដីឲ្យសកម្មជនសិទ្ធិមនុស្សអាដហុកទាំង៤នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅតុលាការក្រោយពេលបញ្ចប់ការសាកសួរថា កូនក្តីទាំង៤រូប ជាមន្ត្រីនៃសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ ចំណែកឯអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានី។ ទោះយ៉ាងណា លោកស្រីមេធាវីរូបនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ជូនអ្នកទាំង៥ទៅកន្លែងឃុំខ្លួនផ្សេងគ្នានោះទេ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតនៅល្ងាចថ្ងៃចន្ទនេះថា ព្រះរាជអាជ្ញាបាន ចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សអាដហុកទាំង៤រូបពីបទសូកប៉ាន់សាក្សី ចំណែកអគ្គលេខាធិការរង គ.ជ.ប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។លោក លី សុផាន់ណា បន្តថា ព្រះរាជអាជ្ញាក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា កាលពីព្រឹកថ្ងៃអាទិត្យ នៅខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងមិនមានការលើកលែងចំពោះមន្ត្រីសង្គមស៊ីវិល និងមន្ត្រីអង្គការសហប្រជាជាតិ(UN)ទេ បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ហើយលោកបញ្ជាក់ថានឹងមិនមានការដោះដូរអ្វីនោះទេ។ ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់អំពីការដោះដូរនោះ ថាជាការដោះដូរអ្វីនោះទេ។
សូមជម្រាបថា អ្នកទាំង៥ រូបដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរ និងចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ចរួមមាន មន្ត្រីអាដហុក៤ រូបគឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ដែលជាអតីតមន្ត្រីរបស់សមាគមអាដហុកក៏ជាប់ចោទក្នុងបទដូចគ្នាដែរ។
គួររំឭកថា អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលនាងបានអះអាងថា មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ដោយបានសរសេរលិខិតចំហរមួយច្បាប់លើកឡើងថា មានមន្ត្រីសង្គមស៊ីវិលមួយចំនួន (រួមមានមន្ត្រីទាំង៦រូបដែលទើបត្រូវតុលាការចោទប្រាកាន់) ថាបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩ និង៥៤៨ ស្តីពីបទសមគំនិត និងបទសូកប៉ាន់សាក្សី អ្នកទាំង៥រូប រួមនឹងមន្ត្រីសិទ្ធិមនុស្ស UN ប្រចាំនៅកម្ពុជាម្នាក់ផងនោះ អាចប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕