ខេត្តកោះកុង៖ស្ត្រីម្នាក់បានសម្រាលកូននៅលើទូក ខណៈដែលប្តី និងសាច់ញាតិ បានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ ។ ប៉ុន្តែស្ត្រីរងគ្រោះ និងទារកបានរួចផុតពីគ្រោះថ្នាក់ហើយ នៅពេលដែលក្រុមគ្រូពេទ្យ បានជួយសង្គ្រោះទាន់ពេលវេលា។
លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ស្ត្រីដែលសម្រាលកូននៅលើទូកនេះ មានឈ្មោះ ខេង ដាអាយុ២៥ឆ្នាំ និងប្តីឈ្មោះ ដា ។ ពួកគេទាំង ២នាក់ប្តីប្រពន្ធមានទីលំនៅភូមិវង្សកាថាក់ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងមានមុខរបរនេសាទ ជាលក្ខណៈគ្រួសារ។
លោក ហៃ ឡៃស៊ុន បានបន្តទៀតថា សម្រាប់ស្ត្រីរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់លោក ជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមិនគិតសេវានោះឡើយ ។ រហូតមកដល់ពេលនេះសុខភាពស្ត្រីរងគ្រោះនេះ និងទារក មានភាពល្អប្រសើរនោះទេ៕