ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី បានរិះគន់ថា រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ស្ថាប័នតុលាការបិទមាត់បិទសំឡេងអ្នកតវ៉ា និងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ក្រុមអ្នកតវ៉ា ព្រមទាំងមន្ត្រីគណបក្សប្រឆាំងនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលទទួលបាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោក ស៊ូប៊ែរឌី បាននិយាយថា «វាជារឿងគួរឲ្យខកចិត្ត ដែលខ្ញុំបានឃើញ គេប្រើប្រាស់ប្រព័ន្ធតុលាការ ដែលជាអំណាចនីតិបញ្ញត្តិ ជាឧបករណ៍ម្តងហើយ ម្តងទៀត»។ ដែលការលើកឡើងនេះ គឺសំដៅលើការចាប់ខ្លួនជាបន្តបន្ទាប់ និងបានផ្តន្ទាទោសថ្មីៗនេះ លើស្ត្រីសកម្មជនបឹងកក់ និងសកម្មជនគណបក្ស សង្គ្រោះជាតិ។
លោក ស៊ូប៊ែរឌី លើកឡើងថា «ចាប់តាំងពីខ្ញុំធ្វើជាអ្នក រាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអាណត្តិនេះ ខ្ញុំបានជួបប្រទះហេតុការណ៍នេះ រាប់មិនអស់»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា «កង្វះឯករាជ្យភាព នៃប្រព័ន្ធតុលាការ គឺជាឧបសគ្គមួយដល់ការ សម្រេចបានយុត្តិធម៌ រាប់បញ្ចូលទាំងកិច្ចខិត ខំប្រឹងប្រែងរបស់ ប្រជាពលរដ្ឋកម្ពុជា»។
ពាក់ព័ន្ធទៅនឹងការរិះគន់នេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា “សេរីភាពនៅប្រទេស កម្ពុជា មានការីកចំរើនជាបណ្តាប្រទេសនានា ក្នុងតំបន់ ហើយកម្ពុជាមានការិយាល័យតំណាងសិទ្ធិមនុស្សប្រចាំការទៀត ដោយពុំមានប្រទេសណា មានដូចកម្ពុជាទេ”។
លោកបានមានប្រសាសន៍បន្តថា លោក ស៊ូយ៉ា ស៊ូប៊ែឌី តែងតែជំរុញឲ្យប្រទេសកម្ពុជា អនុវត្តតាមនីតរដ្ឋ និងស្ថាប័នតុលាការឯករាជ្យ នៅពេលដែលតុលាការអនុវត្តច្បាប់ បែរជាគាត់ស្រែកថា មានការរំលោភសិទ្ធិមនុស្សបំបិទសិទ្ធិសេរីភាពបញ្ចេញមតិទៅវិញ។ ពុំមានស្ថាប័នណាមួយ មានសិទ្ធិជ្រៀតជ្រែកកិច្ចការស្ថាប័នតុលាការបានឡើយ។
លោក កុយ គួង បន្តថា ខាងអង្គការសង្គមស៊ីវិល តែងតែជំរុញឲ្យរាជរដ្ឋាភិបាល អនុវត្តច្បាប់ ហើយគេបែរជាលើកឡើងថា ប៉ះទង្គិចនឹងសេរីភាពបញ្ចេញមតិ ប៉ុន្តែត្រូវចែកគ្នាឲ្យដាច់រវាងសេរីភាពសម្តែងមតិ និងការប៉ះពាល់ច្បាប់នឹងផលប្រយោជន៍សាធារណៈ ដែលការពារដោយច្បាប់៕fpm