គ្រោះធម្មជាតិ​នៅ​ដើមឆ្នាំ​២០១៦​នេះ សម្លាប់​ពលរដ្ឋ​៣៤​នាក់ និង​របួសធ្ងន់​ស្រាល ៥០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​ភ្នំពេញ​៖​គិត​ត្រឹម​ខែមេសា ដើមឆ្នាំ​២០១៦ នេះ មាន​ពលរដ្ឋ​ចំនួន ២៧​នាក់ បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​៧​នាក់ ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់ ។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​មានការ​កើនឡើង​ខ្លាំង​នៅ​ខែមេសា ដោយសារ​គ្រោះធម្មជាតិ​មាន​ភាពឃោរឃៅ បើទោះបីជា រាជរដ្ឋាភិបាល​បានប្រកាស​ពី​វិធី​ត្រៀម​ទប់ស្កាត់​ជាមុន​ក៏ដោយ​។​
នៅ​ទូទាំងប្រទេស​កម្ពុជា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៦ នេះ មាន​មនុស្ស​៣៤​នាក់​បាន​ស្លាប់​ដោយ សារ​គ្រោះមហន្តរាយធម្មជាតិ ។ ក្នុងនោះ​ខ្យល់​កន្ត្រាក់​បានកើត​មាន​១១៥​ករណី មនុស្ស​ស្លាប់​៧​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់ ខូចខាត​ផ្ទះ​ជិត​១​ពាន់​ខ្នង ផ្ទះ​បាក់បែក និង​របើក​ដំបូល​មាន​ជិត​៥​ពាន់​ខ្នង​។ ដោយឡែក មនុស្ស ២៧​នាក់ បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​រងរបួស​ស្រាល ៥០ នាក់​ផ្សេងទៀត ។ នេះ​បើ យោងតាម​សេចក្តីរាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ។
គួរ​បញ្ជាក់ថា ភាពរាំងស្ងួត​នៅពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុងស្រុក និង​ក្រុង​ចំនួន ៩៣ និង​ឃុំ សង្កាត់​ចំនួន ៣២៧ ទៅ​ទូទាំងប្រទេស​ប្រមាណ ២​លាន ៥​សែន​នាក់ បាន​រង​ផល​ប៉ះ ពាល់​។ ក្រៅពីនេះ គ្រោះរាំងស្ងួត​ក៏បាន​សម្លាប់សត្វ​រាប់រយ​ក្បាល ត្រី​រាប់សិប​តោន និង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រាប់រយ​ហិកតា​ទៀតផង​។​ដោយឡែក នៅ​ដើមរដូវ​វស្សា​នេះ មនុស្ស​៣៤​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​ក្នុងនោះ​ស្លាប់​ដោយ​រន្ទះបាញ់​ចំនួន​២៧​នាក់ និង​ស្លាប់​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ៧​នាក់​៕អ៊ុក សំអាង

រូប​ឯកសារ​

Hong-0320