អត្ថបទ ៖ លោក សុត្ថារ៉ូ
ភ្នំពេញ៖ លោក អ៊ុំ សំអាន នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា វេលាម៉ោង៨ព្រឹក នេះ នឹងចូលបំភ្លឺនៅតុលាការ ក្រុងភ្នំពេញ ដើម្បីសួរដេញដោលរឿងរិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន។នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងី ដែលការពារក្តីឲ្យជនត្រូវចោទជាតំណាងរាស្ត្របក្សប្រឆាំងគឺ លោក អ៊ុំ សំអាន ។
លោក អ៊ុំ សំអាន ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប ត្រូវអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ទាំងមានអភ័យឯកសិទ្ធិសភា ដោយចោទថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងទាក់ទិននឹងការរិះគន់រដ្ឋាភិបាលថាបានប្រើផែនទីក្លែងក្លាយបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីមួយផ្នែក។
លោក ជូង ជូងី ឲ្យដឹងទៀតថាមេធាវី៣មានរូបមានរូបលោក លោក សំ សុគង់ និងលោក ហែម សុជាតិ នឹងចូលការពារលោក អ៊ុំ សំអាន ក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅថ្ងៃស្អែកនេះ។
សូមបញ្ជាក់ថា ការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ក្រោមបទចោទប្រកាន់ថា ជាបទល្មើសជាក់ស្តែង ប៉ុន្តែក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង និងអ្នកច្បាប់មួយចំនួនបានរិះគន់ថាការចាប់ខ្លួនលោក អ៊ុំ សំអាន នោះបានរំលោភរដ្ឋធម្មនុញ្ញមាត្រា៨០ដែលចែងពីអភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្ត្រ។
គួររំឭកថា កន្លងមកនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ម្នាក់ទៀត គឺលោក ហុង សុខហួរ ដែលរិះគន់រឿងព្រំដែន ក៏ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដែរ បន្ទាប់ពីសាលាឧទ្ធរណ៍ច្រានចោលការសុំនៅក្រៅ៕