សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2014 ក+ ក-

ភ្នំពេញ​៖​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណ បក្សប្រឆាំង បាន​រិះគន់​រាជ រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា​មាន​ឆន្ទៈ​តិចតួច​លើ​ការប្រមូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ដែល​កំពុង​ប្រតិបត្តិ​ការរកស៊ី​នៅ​ប្រទេស​កម្ពុជា​។ ចំណែក​ខាង​រាជរដ្ឋាភិបាល​វិញ​អះអាងថា កម្ពុជា មិនមាន​ច្បាប់​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​នៅឡើយ​។​

ការរិះគន់​ជាច្រើន​ពី​មជ្ឈដ្ឋាន​អង្គការក្រៅរដ្ឋាភិបាល និង​សមាជិកសភា​មកពី​គណបក្សប្រឆាំង បាន​ចោទប្រកាន់​ទៅលើ​ក្រសួង​សេដ្ឋកិច្ច និង​សមាជិកសភា ដែលមាន​តំណែង​នៅ​សភា ថា​ពុំបាន​យកចិត្តទុកដាក់​លើ​ការរៀបចំ​ច្បាប់ និង​ការ​រឹតបន្តឹង​លើ​ការប្រមូល​ពន្ធ​លើ​វិស័យ​ល្បែងស៊ីសង​នៅ​ប្រទេស កម្ពុជា បាន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការវិនិយោគ​កាស៊ីណូ​នៅ​ប្រទេស​កម្ពុជា គឺមាន​ភាពមិនប្រក្រតី​ជាច្រើន តាមរយៈ​ការផ្ដល់​អាជ្ញាប័ណ្ណ ឬ​ការផ្ដល់​កិច្ចសន្យា​ធ្វើ​អាជីវកម្ម និង​ភាព​អន់​ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​កាស៊ីណូ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា​។ ជាក់ស្ដែង តំបន់​សំខាន់ៗ​ដែល​ពេញនិយម​សម្រាប់​ការវិនិយោគ​កាស៊ីណូ គឺ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ព្រំដែន​កម្ពុជា​-​វៀតណាម និង​រាជធានី​ភ្នំពេញ​។​

លោក អ៊ូ វីរៈ មានប្រសាសន៍​បន្ថែមទៀត​ថា ការវិនិយោគ​កាស៊ីណូ​នៅ​ភ្នំពេញ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារតែ​ការអនុវត្ត​ច្បាប់​នៅ​ធូររលុង​ពេក​។ ម្យ៉ាងវិញទៀត កាស៊ីណូ គឺជា​ទីកន្លែង​មួយ​សម្រាប់​បង្វែរ​លុយ​មិន​ស្របច្បាប់​ដែល​បានមកពី​អំពើ ពុករលួយ និង​ការលក់​សម្បត្តិ​ធម្មជាតិ​ផ្សេងៗ ទៅជា​លុយ​ស្របច្បាប់​។ ការសើរើ​កិច្ចសន្យា​អាជីវកម្ម​កាស៊ីណូ​ទាំងអស់​ឡើងវិញ គឺអាច​ប្រមូលបាន​ធនធាន​បានជា​ច្រើន​លាន​ដុល្លារ សម្រាប់​ជា​ប្រភព​កំណើន​ថវិកាជាតិ​។​

​ចំណែក​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សប្រឆាំង លោក ហុង សុខ​ហួ បាន​អះអាងថា ផលចំណេញ​ពី​វិស័យ​កាស៊ីណូ​ដែលមាន​ឈ្មោះថា ណាហ្គា បានទទួល​ផលចំណេញ​ខ្ពស់ ប៉ុន្តែ​កាស៊ីណូ​នេះ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋាភិបាល​កម្ពុជា ឡើយ ដោយសារតែ​កម្ពុជា មិនមាន​ច្បាប់​ប្រមូល​ពន្ធ​ឡើយ​។ បញ្ហា​នេះ លោក​ចង់​ឲ្យ​សភា​បង្ហាញ​អំពី​ភស្តុតាង​ឲ្យ​ច្បាស់លាស់ ថា​តើ​ហេតុអ្វី​បានជា​ពុំមាន​ច្បាប់​ដូចនេះ​? ដែល​កាស៊ីណូ​ឈ្មោះ ណាហ្គា បានបង្ហាញ​ទៅ​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​នៅ​ទីក្រុង​ហុងកុង ថា​មិនបាន​បង់ពន្ធ​ជូន​រដ្ឋាភិបាល​កម្ពុជា នូវ​ទឹកប្រាក់​ប្រមាណ​ជិត ៣០​លាន​ដុល្លារ​អាមេរិក​៖ «​សំឡេង​»​។​

បច្ចុប្បន្ន កាស៊ីណូ​ណាហ្គា (Naga) កំពុង​សាងសង់​អគារ​បន្ថែមទៀត​ដែលមាន​តម្លៃ​ប្រមាណ ៣៧០​លាន​ដុល្លារ​អាមេរិក ដែល​អគារ​នេះ​អាច​ចត​យន្តហោះ​ប្រភេទ A320 ពី​ប្រទេស​ចិន និង​កោះ​ម៉ា​កាវ (Macau) ដោយផ្ទាល់​។ កាស៊ីណូ​នេះ បានទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ផ្ដាច់មុខ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៤​។ បច្ចុប្បន្ន កាស៊ីណូ​ណាហ្គា បានទទួល​ប្រាក់ចំណូល​ប្រមាណ ៣៤៤​លាន​ដុល្លារ​អាមេរិក​ប្រចាំឆ្នាំ​២០១៣​។​

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ទី​ពីរ​នៃ​រដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា យោងតាម​ច្បាប់​ប្រទេស​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​នៅ​ប្រទេស​កម្ពុជា ឡើយ ប៉ុន្តែ​លើកលែងតែ​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​។ ការ​ពុំមាន​ច្បាប់​អនុញ្ញាត​នេះ ជា​មូល​ហេតុដែល​កម្ពុជា មិនមាន​ច្បាប់​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​។ ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា និង​សភា កំពុង​ពិចារណា​លើ​សេចក្ដីព្រាងច្បាប់​គ្រប់គ្រង​កាស៊ីណូ ហើយ​ជឿជាក់ថា ច្បាប់​នេះ​នឹងត្រូវ​បាន​សភា​អនុម័ត​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

លោក​បញ្ជាក់ទៀតថា ស្រប​ពេលដែល​កម្ពុជា គ្មាន​ច្បាប់ តែ​កម្ពុជា មានការ​វាយតម្លៃ​ដែល​អាជីវកម្ម​កាស៊ីណូ​ទាំងអស់​ចូលរួម​វិភាគទាន​ដល់​រាជ រដ្ឋាភិបាល​កម្ពុជា​៖ «​សំឡេង​»​។​

របាយការណ៍​របស់​កា​ស៊ី​ណូ​ណាហ្គា​បាន​បង្ហាញថា រៀងរាល់ឆ្នាំ​បាន​ចូលរួម​វិភាគទាន​ថវិកា​ចំនួន ២២​លាន​ដុល្លារ​អាមេរិក​នៃ​ប្រាក់ចំណូល​សរុប​ដល់រ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រៅពី​បាន​បង់ពន្ធ​ក្នុង​មួយឆ្នាំ​ជាង ៥​លាន​ដុល្លារ​អាមេរិក​។ ក្រៅពី​ការចូលរួម​វិភាគទាន​នោះ កាស៊ីណូ​ទាំងអស់​នៅ​កម្ពុជា ប្រតិបត្តិការ​អាជីវក​ម្ម ត្រូវ​ស្របតាម​ការកំណត់​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ របាយការណ៍​របស់​ក្រសួង​នេះ​បាន​បង្ហាញថា ចំណូល​ពន្ធ​ពី​កាស៊ីណូ​មាន​ចំនួន ២២​លាន​ដុល្លារ​អាមេរិក​នៅ​អំឡុង​ឆ្នាំ​២០១៣ តាមរយៈ​ការបង់​កម្រៃ​អាជ្ញាប័ណ្ណ​ប្រចាំឆ្នាំ ៣​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ប្រាក់​ប្រចាំខែ​អាស្រ័យ​នឹង​ទំហំ និង​ប្រតិបត្តិការ​របស់​កាស៊ីណូ និង​ប្រាក់​តម្កល់​ចំនួន ១​សែន​ដុល្លារ​អាមេរិក​។​

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ចំណូល​នេះ គឺ​បានមកពី​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្រប​ពេលដែល​កម្ពុជា កំពុង​រៀបចំ​ច្បាប់​គ្រប់គ្រង និង​ប្រមូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ​៖ «​សំឡេង​»​។​

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់​ទៀតថា ច្បាប់​កាស៊ីណូ​ថ្មី​នេះ​នឹង​អាចដាក់​សម្ពាធ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ជៀសវាង​ចេញពី​ការចូល​លេង​កាស៊ីណូ ហើយ​ងាក​មក​សន្សំ​ប្រាក់​វិញ និង​ជា​មូលដ្ឋាន​ថ្មី​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ចំនួន​កាស៊ីណូ​ដែល​ទទួល​អាជ្ញាប័ណ្ណ កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​៥៧ ភាគច្រើន​ឋិត​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​វៀតណាម ឬ​សមាមាត្រ​នឹង​ចំនួន​ជិត ៨​ពាន់​ស្លុត​ម៉ាស៊ីន (Slot Machines) និង​ជាង ២.៥០០​ទូ​នៅ​ទូទាំងប្រទេស​កម្ពុជា​៕
Untitled-4