ភ្នំពេញ៖មេដឹកនាំជាន់ខ្ពស់គណបក្សជាប់ ឆ្នោតទាំងពីរបានជួបគ្នាជាលើកដំបូងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៧វិច្ឆិកា ក្រោយពី តុលាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី និងព្រះសង្ឃនោះ។
នៅក្នុងជំនួបនោះលោក sម រង្ស៊ី បានលើកពីបញ្ហាជាច្រើនដែលគណបក្សជាប់ឆ្នោតទាំងពីរត្រូវដោះស្រាយ តែលោកមិនបានបង្ហើបឲ្យដឹងលម្អិតថា តើករណីអ្វីខ្លះដែលលោកបានលើកនៅក្នុងកិច្ចប្រជុំសម្ងាត់ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស ខេង នោះទេ? ដោយលោកបញ្ជាក់ថា លោកបានលើកពីករណីចាប់ខ្លួនមនុស្សរើឡើងវិញកាលពីពេលថ្មីៗនេះ ជាដើម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានស្នើសុំទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង ឲ្យដោះលែងអ្នកដែលត្រូវតុលាការចាប់ឃុំខ្លួនទាំងអស់នោះ។
នៅក្នុងជំនួបប្រមាណជា ១ម៉ោងនាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា លោក សម រង្ស៊ី មិនឆ្លើយតបចំពោះសំណួរ ថាតើការជួបរវាងលោក និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង នោះ លោកមិនបានបញ្ជាក់ថា តើលោកបានលើកពីសេចក្ដីស្នើសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំពុងតែមានភាពចម្រូងចម្រាសនោះ និងករណីផ្សេងៗទៀតនោះទេ ដោយលោកគ្រាន់តែប្រាប់ថា ដរាបណាមិនទាន់មានលទ្ធផលជាផ្លូវការ គឺលោកមិនទាន់ប្រាប់បានទេ។ ក្រៅពីនេះ លោកអះអាងថា លោកបានស្នើដល់ លោក ស ខេង ឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនគណបក្សសង្គ្រោះជាតិ៖ «ខ្ញុំចង់ឲ្យមានការបន្ធូរបន្ថយ ភាពតានតឹង ខ្ញុំចង់ឲ្យមានការដោះលែងទាំងអស់ បញ្ចប់នីតិវិធីតុលាការទាំងអស់ចំពោះប្រជាពលរដ្ឋដែលជាប់នីតិវិធី តុលាការ។ ប្រជាពលរដ្ឋមិនមានទោសដូចការចោទប្រកាន់ទេ រឿងអីគាត់ទៅសុំឲ្យអាជ្ញាធរដោះស្រាយរឿងលិចផ្ទះគាត់ ហើយចាប់ខ្លួនគាត់?»។
ចំណែកឯលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វិញ លោកមិនបានឆ្លើយសំណួរអ្នកកាសែតឡើយ។ លោក ស ខេង ឆ្លើយយ៉ាងខ្លីថា ករណីចាប់ខ្លួនសកម្មជនដីធ្លី សកម្មជននយោបាយ និងព្រះសង្ឃនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានហៅការចាប់ខ្លួននេះថាជារឿងនយោបាយ។ លោកបញ្ជាក់ថា មិនមែនជារឿងមនុស្សទាំងនោះប្រព្រឹត្តខុសច្បាប់អ្វីទេ។ លោកអះអាងថា ករណីនេះមិនមែនជាឆន្ទានុសិទ្ធិរបស់តុលាការអ្វីទេ គឺតុលាការធ្វើការក្រោមសម្ពាធនយោបាយ៖ «ករណីនយោបាយ គ្រាន់តែជាចំណាប់ខ្មាំងមួយ កុំឲ្យគណបក្សសង្គ្រោះជាតិ ដើរចេញពីសភា ជាការគំរាមកំហែងទេ? ដូច្នេះបើជារឿងនយោបាយ គណបក្សសង្គ្រោះជាតិ មិនត្រូវយកអភ័យឯកសិទ្ធិទៅដោះស្រាយទេ បើយកអភ័យឯកសិទ្ធិទៅដោះដូរ តើគណបក្សសង្គ្រោះជាតិ នឹងមានអភ័យឯកសិទ្ធិប៉ុន្មានទៀត? បើសិនជាមានការចាប់ខ្លួនជាបន្តបន្ទាប់ទៀតនោះ?»។
មកទល់ពេលនេះ តុលាការបានចាប់ខ្លួនសកម្មជនដីធ្លី សកម្មជននយោបាយចំនួន ១៦នាក់ និងព្រះសង្ឃ ៣អង្គទៀត។ ដោយឡែកចំពោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក មាជ សុវណ្ណារ៉ា សភាស៊ើបសួរសាលាឧទ្ធរណ៍ មិនទាន់សម្រេចឲ្យនៅក្រៅឃុំទៅតាមការស្នើសុំរបស់មេធាវីរបស់លោក ឬយ៉ាងណានៅឡើយទេ។
មេធាវីរបស់លោក មាជ សុវណ្ណារ៉ា បានដាក់លិខិតស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២០ វិច្ឆិកា គឺធ្វើឡើងភ្លាមៗបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការស្នើសុំមេធាវីរបស់លោកឲ្យនៅក្រៅឃុំនោះ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
អ្នកវិភាគសង្កត់ធ្ងន់ថា អ្នកនយោបាយគួរតែបញ្ចប់វប្បធម៌ចរចានយោបាយ ដើម្បីឲ្យដោះលែងមនុស្សនេះ។ អ្នកនយោបាយ ត្រូវធ្វើយុទ្ធនាការឲ្យប្រជាពលរដ្ឋយល់ដឹងអំពីបញ្ហាសង្គម និងឲ្យប្រជាពលរដ្ឋចូលរួមតាមរូបភាពផ្សេងៗដោយសន្តិវិធី ដើម្បីទាមទាររកភាពយុត្តិធម៌សង្គម៕rfa/
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាវិមានរដ្ឋសភា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។