រាជធានីភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥៧នាក់លួចឆ្លងដែនមកស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងគ្មានប័ណ្ណការងារ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា បានឲ្យដឹងថា ការឃាត់នេះខ្លួនជនជាតិវៀតណាមទាំង៥៧នាក់នេះ ត្រូវបានឃាត់ខ្លូននៅចំណុចផ្ទះជួលលេខ ៤៣៤ ៣២១ ៣២៥ ផ្លូវលេខ៣ PCD ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ៤៦នាក់ វីសាអឺ នៅមានសុពលភាព ប៉ុន្ដែមិនមានប័ណ្ឌការងារ និង១១នាក់ផ្សេងទៀត មិនមានលិខិតឆ្លងដែន។ លោកបន្តថា ការចុះត្រួតពិនិត្យនេះក្រោមការដឹកនាំដោយលោក សៀង សុខ ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា បញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីសាកសួរបន្ដ និងអនុវត្តតាមនីតិវិធី៕