យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​បញ្ចប់​ដំណើរ​ជុំវិញ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2016 ក+ ក-

​អន្តរជាតិ​៖​យន្តហោះ Solar Impulse 2 បាន​ចុះចត​នៅ​ថ្ងៃ​អង្គារ​ក្នុងប្រទេស​អារ៉ាប់​រួម​ដោយ​បញ្ចប់​ការធ្វើដំណើរ​របស់ខ្លួន​ដើម្បី​ក្លាយជា​យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដំបូង​គេ​ដែល​ធ្វើដំណើរ​ជុំវិញ​ពិភព លោក​ដោយ​មិនមាន​ប្រេងឥន្ធនៈ​មួយ​តំណក់​ដើម្បី​លើកកម្ពស់​ថាមពល​កកើត​ឡើងវិញ​។​
​យន្ដហោះ​នេះ​បាន​ចុះចត​នៅ​ម៉ោង​០៤:០៥​ក្នុង​រដ្ឋធានី អា​ប៊ូ ដា​ប៊ី បន្ទាប់ពី​ហោះហើរ​អស់​រយៈពេល​ជាង ៤៨​ម៉ោង​ចេញពី​ទីក្រុង គែរ ដែល​នេះ​ជា​ជើង​ចុងក្រោយ​ក្នុងការ​ធ្វើដំណើរ​របស់​ខ្លួន​ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំមុន​។​
​មានការ​អបអរសាទ​រ​និង​ទះដៃ​ស្វាគមន៍​ចំពោះ​យន្តហោះ​នេះ​នៅពេលដែល​វា​បានមក​ដល់ ព្រលានយន្តហោះ Al-Bateen Executive ជា​កន្លែង​ដែល​វា​ចាប់ផ្តើម​ដំណើរ​ជុំវិញ​ពិភពលោក​លើកដំបូងរ​បស់​ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​អ្នកកាសែត AFP ។​
​អ្នករុករក​សញ្ជាតិ​ស្វី​ស​និង​ជា​ប្រធាន​គម្រោង​នេះ​គឺ​លោក Bertrand Piccard បាន​ស្ថិតនៅក្នុង​កាប៊ីន យន្ដ ហោះ​នេះ​ក្នុងអំឡុងពេល​ការហោះហើរ​ចម្ងាយ​២.៧៦៣​គីឡូម៉ែត្រ​ចេញពី​ទីក្រុង​គែរ​ដោយ​ឆ្លងកាត់​សមុទ្រ​ក្រហម វាល​ខ្សាច់​អារ៉ាប៊ីសាអ៊ូឌីត​ដ៏​ធំ​ល្វឹងល្វើយ​និង​ហោះ​ពីលើ​ឈូង​សមុទ្រ Gulf ។​
​ការហោះហើរ​នេះ​បានកំណត់​ការធ្វើដំណើរ​ចម្ងាយ​៤២.០០០​គីឡូម៉ែត្រ​ឆ្លងកាត់​ទ្វីប​ចំនួន​បួន មហាសមុទ្រ​ពីរ​និង​សមុទ្រ​បី​។​
​យន្តហោះ​មួយគ្រឿង​នេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​រយៈពេល​១២​ឆ្នាំ​របស់លោក Bertrand Piccard និង​លោក André Borschberg​។​
​យន្តហោះ​នេះ​មិនមាន​ទម្ងន់​ធ្ងន់​ជាង​រថយន្ត​ទេ​ប៉ុន្តែ​វា​មាន​ស្លាប​នៃ​យន្តហោះ Boeing 747 និង​បន្ទះ​សូ​ឡា ប្រហែល​១៧.០០០​បន្ទះ​បំពាក់​នៅលើ​ស្លាប​។​
​យន្ដហោះ​នេះ​បាន​ប្រើ​ថិរវេលា​ល្បឿន​មធ្យម​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ អ្នកបើក​យន្តហោះ​នេះ​ត្រូវ​ប្រើ​ធុង​អុកស៊ីសែន​ដើម្បី​ដកដង្ហើម​នៅ​រយៈកម្ពស់​ខ្ពស់​និង​ស្លៀកពាក់​ឈុត​ដែល​បាន​រចនា​ឡើងជា​ពិសេស​ដើម្បី​ទប់ទល់​ជាមួយនឹង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ ។​
​អ្នកបើក​ត្រូវ​ទប់ទល់​នឹង​សីតុណ្ហភាព​នៅក្នុង​កាប៊ីន​យន្ដហោះ​ដ៏​តូច​មួយ​ចាប់ពី​ដក​២០​អង្សា​សេ​ទៅដល់​បូក​៣៥​អង្សា​សេ​។​
​គួរ​បញ្ជាក់ថា លោក Piccard បាន​និយាយថា លោក​បានចាប់ផ្តើម​គម្រោង​នេះ​នៅ​ឆ្នាំ​២០០៣​ដើម្បី​បង្ហាញថា ថាមពល​កកើត​ឡើងវិញ​គឺអាច​សម្រេចបាន​ទាំង​មិនអាច​ទៅរួច​៕

Solar-Impulse