រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់១២នាក់ និងរបួសស្រាល៨នាក់។
ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១៦គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំចំនួន៣គ្រឿង យានផ្សេងៗចំនួន១គ្រឿង និងអ្នកថ្មើរជើង២នាក់។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៩លើក, ប្រជែងគ្រោះថ្នាក់២លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២២នាក់។
ជាមួយគ្នានោះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៦១៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៩១៥គ្រឿង និងពិន័យសរុប ចំនួន ១៦៩៨គ្រឿង៕