ខេត្តបាត់ដំបង៖មនុស្សប្រុសស្រីចំនួន១០នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តដឹកអ្នកដំណើរវីអាយភីរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បុករថយន្តដឹកខ្សាច់ពីក្រោយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចព្រំប្រទល់ស្វាយដូនកែវ និងស្រុកមោងឫស្សី ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក ឌឿន សម្បត្តិ អធិការរងទទួលចរាចរណ៍នគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកអ្នកដំណើរ វីអាយភី របស់ក្រុមហ៊ុន ( វីរះប៊ុនថាំ )ពាក់ស្លាកលេខភ្នំពេញ 2AK- 2615 បើកបរពីទិសដៅពីភ្នំពេញឆ្ពោះមកបាត់ដំបងពេលមកដល់ចំណុចកើតហេតុ ដោយសារបើកលឿនងងិតមើលផ្លូវមិនឃើញក៏បុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យខ្ទេចកាប៊ីនរថយន្តផ្នែកខាងមុខខ្លួនឯង បណ្តាលឲ្យរងរបួសស្រីប្រុស១០នាក់ ធ្ងន់៨នាក់ ស្រាល២នាក់ ត្រូវបាននគរបាលចរាចរណ៍ស្រុកមោងឫស្សី និងចរាចរណ៍ខេត្តជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមោងឫស្សី និងមន្ទីរពេទ្យខេត្ត។ ចំណែករថយន្តដឹកខ្សាច់មិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់៕