ភ្នំពេញ: ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០១៤នេះ ចំណូលដែលបានមកពីការលក់សំបុត្រចូល ទស្សនាប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលជាសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកប្រមាណ៤៣,៣ លានដុល្លារអាមេរិក ។
ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានបញ្ជាក់អោយដឹងថា អាជ្ញាធរអប្សរា បានជួលក្រុមហ៊ុនសណ្ឋាគារសុខា ដើម្បីប្រមូលចំណូល ពីការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរ ហើយប្រាក់ចំណូលនោះ ត្រូវបានផ្ដល់ដោយផ្ទាល់ ទៅឱ្យរតនាគារជាតិ។ រីឯកិច្ចសន្យានៃការជួល គឺធ្វើរៀងរាល់ ៥ ឆ្នាំម្ដង។ នៅក្រោមកិច្ចសន្យានោះ គឺក្រុមហ៊ុនអាចរក្សាទុក ១៥ ភាគរយ នៃប្រាក់ចំណូលសរុប ពីការលក់សំបុត្រ ខណៈដែល ១០ ភាគរយ នៃប្រាក់ចំណូល នឹងត្រូវបានយកជាពន្ធ លើតំលៃបន្ថែម និង ១៥ ភាគរយ សំរាប់ការអភិរក្សអង្គរ និងមូលនិធិអភិវឌ្ឍន៍ ហើយចំនួនទឹកប្រាក់ ដែលនៅសេសសល់ នឹងត្រូវផ្ទេរទៅក្នុងហិបជាតិ។
ក្រៅពីនេះ ក្នុងមួយឆ្នាំ ក្រុមហ៊ុន ក៏មានកាតព្វកិច្ច ក្នុងការវិនិយោគចន្លោះ ៧០០.០០០ ទៅ ៨០០.០០០ ដុល្លារអាមេរិក នៅក្នុងការការពារ និងរផែនការអភិវឌ្ឍអង្គរ ផងដែរ។
ការពន្យល់នេះ បានធ្វើឡើង បន្ទាប់ពីមានវិទ្យុក្នុងស្រុកមួយ បាន ចាក់ផ្សាយអត្ថាធិប្បាយ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ក្នុងការជួលអង្គរអោយ ក្រុមហ៊ុនឯកជនមួយ សម្រាប់ រយៈពេល ៩៩ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ហើយអង្គរ ជាទិសដៅទេសចរណ៍ដ៏ធំ ជាងគេសំរាប់កម្ពុជា ដែលស្ថិតនៅក្នុងខេត្តសៀមរាប។
ថ្លៃចូលទៅទស្សនា តំបន់អង្គរ សំរាប់ភ្ញៀវទេសចរណ៍បរទេស គឺចំនួន ២០ ដុល្លារអាមេរិក សម្រាប់ការដំណើរទស្សនា រយៈពេលមួយថ្ងៃ ៤០ ដុល្លារអាមេរិក សម្រាប់ការដំណើរទស្សនា រយៈពេលបីថ្ងៃ និង ៦០ ដុល្លារអាមេរិក សម្រាប់ការដំណើរទស្សនា មួយសប្តាហ៍ និងរយៈពេលយូរ។
ក្នុងនោះ មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា តួលេខចុងក្រោយបំផុត បានបង្ហាញថា ប្រាសាទអង្គរ បានទាក់ទាញភ្ញៀវទេសចរបរទេស ១,៧៤ លាននាក់ ក្នុងកំឡុងពេល៩ ខែដំបូង នៃឆ្នាំនេះគឺ បានកើនឡើង ១១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕