កូនប្រុស​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​ម្នាក់​ជា​ចោរប្លន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2016 ក+ ក-

​ភ្នំពេញ​៖​កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន​តាម​ដីការ​របស់​តុលាការ​ពីបទ​ល្មើស​ប្លន់ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ខណៈ​ជនសង្ស័យ​រូបនេះ​មក​ធ្វើលិខិត​បញ្ជាក់​ផ្ទេរកម្មសិទ្ធិ​រថយន្ត ។​
​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា បុរស​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ សុង សុវណ្ណ ហៅ​ណូ អាយុ​២៧​ឆ្នាំ មុខងារ​ជាម​ន្ត្រី​យោធា​មាន​ឋានន្តរសក្តិ ថា្នក់​អនុសេនីយ៍ឯក (​សក្តិ​៣) ហើយក៏​ជា​កូនប្រុស​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​យោធា​មួយរូប ស្នាក់​នៅផ្ទះ​លេខ​២៤៣ ផ្លូវ​ព្រះមុនីវង្ស ក្រុមទី​៣០ ភូមិ​៤ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ខណៈពេល​ជនសង្ស័យ​រូបនេះ​មក​ធ្វើលិខិត​បញ្ជាក់​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​រថយន្ត​នៅក្នុង​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ម្យ៉ាង​ដោយសារ​តែមាន​តម្កល់​ដីការ​បង្គាប់​តាមរក​ចាប់ខ្លួន​របស់គេ​មួយច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​ល្មើស​ប្លន់​កាលពី​ថ្ងៃទី ១១ ខែ​ខែកុម្ភៈ ឆ្នាំ​២០០៤​កន្លងមក និង​បាន​រត់គេចខ្លួន​នោះ ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង ។​
​ប្រភព​ដែល​បាន​ប្រាប់​ឱ្យដឹងថា ក្រោយ​ពេលដែល​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ជាប់ចោទ​រូបនោះ​បាន​ហើយ ក៏បាន​ធ្វើការ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន តែ​ភ្លាមនោះ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើការ​តវ៉ា​ទៅនឹង​ការឃាត់ខ្លួន​នេះ ដោយ​អះអាងថា រូបគេ​ទទួលបាន​នូវ​លិខិត​លើកលែងទោស​ពី​ពន្ធនាគារ​មួយច្បាប់​រួចហើយ និង​កំពុងតែធ្វើការ​រ​ស្រាវជ្រាវ​រក ។​
​ក្រោយពី​ការតវ៉ា​របស់​ក្រុមគ្រួសារ​ជនជាប់ចោទ​ជា​មន្ត្រី​យោធា​ខាងលើ ហើយ​មិនមាន​លិខិត​លើកលែងទោស​ទៅតាម​ការអះអាង​របស់​ក្រុមគ្រួសារ​ខាងលើ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ខណ្ឌចំការមន​ក៏​ស្រេច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ៕

13875093_1744842292421000_958619989_n13867002_1744842312420998_42184054_n13872544_1744842289087667_2074218185_n