រាជធានីភ្នំពេញ៖នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៣នាក់ និងរបួសស្រាល៦នាក់។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង និរថយន្តធុនធំចំនួន៣គ្រឿង, យានផ្សេងៗ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ស្រវឹង៣លើក, ប្រជែងគ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៥នាក់)។
ជាមួយគ្នានោះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៩៩១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៣២២គ្រឿង និងពិន័យសរុប ចំនួន១,៦៦៩គ្រឿង៕