ខេត្តកំពង់ឆ្នាំង៖ក្រុមចោរ៦នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម ក្នុងនោះកាំភ្លើងខ្លី១ដើមបានចូលវាយម្ចាស់ផ្ទះផ្ទេរប្រាក់ Wing ប្លន់យកលុយ និងទ្រព្យសម្បត្តិអស់មួយចំនួន។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះមានឈ្មោះ ប៉ោ យ៉េត ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវក្រុមវាយបណ្តាលឲ្យសន្លប់ និងឈ្មោះ ហ៊ុយ ធី ភេទប្រុស អាយុ៣០ឆ្នាំ ជាកូន ត្រូវក្រុមចោរវាយបណ្តាលឲ្យរងរបួសផងដែរ។
ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ ប្រាក់ វុឌ្ឍី បានឲ្យដឹងថា ក្នុងករណីប្លន់ផ្ទះ Wing នេះ ក្រុមចោរបានប្លន់ យកលុយខ្មែរចំនួន ៨.៤០០.០០០រៀល លុយដុល្លារ ១៥៨០ដុល្លារ មាស ៤ ជី ផ្លាកទីន ៣ជី និងកាតទូរស័ព្ទ ៧០ដុល្លារ ។ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីប្លន់ផ្ទះ Wing នេះ កម្លាំងនគរបាល កំពុងធ្វើស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខក្រុមចោរ យកមកផ្ដន្ទាទោសតាមច្បាប់៕