ខេត្តព្រៃវែង៖ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ក្នុងវិទ្យាល័យបាភ្នំ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ខណៈប្រទះឃើញអ្នកគ្រូអនុវិទ្យាល័យបាភ្នំម្នាក់បានចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកសាលា។ អ្នកគ្រូរងគ្រោះឈ្មោះ ស៊ុំ បុប្ផាមតី អាយុ២៩ឆ្នាំ។
តាមប្រភពព័ទ៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែលជា៨ព្រឹក អ្នកគ្រូ បុប្ផាមតី បានទៅបន្ទប់ទឹក តែដោយចូលបន្ទប់ទឹកយូរពេក គ្រូដែលបង្រៀនជាមួយគ្នាក៏បានទូរស័ព្ទរក តែទូរស័ព្ទគ្មានអ្នកលើកសោះ ដោយមានការឆ្ងល់ និងសង្ស័យក៏នាំគ្នាទៅមើលនៅបន្ទប់ទឹក តែបន្ទប់ទឹកដាក់គន្លឹះខាងក្នុង ក៏អើតមើលតាមប្រហោងឥដ្ឋខ្យល់ ស្រាប់តែឃើញអ្នកគ្រូរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ក៏រាយការណ៍ទៅសមត្ថកិច្ច និងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ប្រភពពីក្រុមគ្រូសារអ្នកគ្រូរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះអាចមានជំងឺសរសៃប្រសាទម្តងៗ ព្រោះស្ត្រីរងគ្រោះធ្លាប់បានចងកធ្វើអត្តឃាត២ដងរួចមកហើយ តែត្រូវក្រុមគ្រួសារជួយទាន់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច ឃើញថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតពិតប្រាកដមែន ។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕