រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះកម្លាំងនគរបាលអន្តោប្រវេសន៍បន្តចុះប្រមូលជនបរទេសស្ថិតគោលដៅចំនួន២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនដោយបានឃាត់ខ្លួន ជនជាតិហ្វីលីពីន២នាក់ និងជនជាតិវៀតណាម១៦នាក់ដែលរស់នៅ និងធ្វើការខុសច្បាប់។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការត្រួតពិនិត្យនៃការស្នាក់នៅរបស់ជនបរទេសទាំងនេះ នៅ២ទីតាំងផ្សេង គឺទី១-នៅផ្ទះលេខ៧ ផ្លូវលេខ៥០៨ ស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយឃាត់ខ្លួនជនជាតិហ្វីលីពីនចំនួន០២នាក់ ស្រី០១នាក់ពីបទលួចស្នាក់នៅខុសច្បាប់ គ្នានលិខិតឆ្លងដែន និងទី២-ស្ថិតនៅហាងកាហ្វេ NU NU ផ្លូវលេខ៤៧៩ កែងផ្លូវ៩៩ នៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយធ្វើការឃាត់ជនជាតិវៀតណាមចំនួន ១៦នាក់ ស្រីចំនួន០៣នាក់។
លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេសទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕