រថយន្ដ​​ដឹក​ជន្លង់ម្រេច​២​គ្រឿង ត្រូវ​ក្រុម​ឈ្មួញ​ព្រួត​ដៃ​គ្នា​រំដោះ​ចេញពី​កណ្ដាប់ដៃ​សមត្ថកិច្ច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជន្លង់ម្រេច ប្រមាណ​ជាង​៥០​នាក់ បាននាំគ្នា​សម្រុកចូល​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ រំ​ដោះយក​រថយន្ត​សាំង​យ៉ុង​ដឹក​ជន្លង់ម្រេច​ចំនួន ២​គ្រឿង បានសម្រេច ក្រោយពេល​សមត្ថកិច្ច​ចម្រុះ ឃាត់ទុក​បាន​រយៈពេល​ជា​១០​ម៉ោង ។​
​ហេតុ​ការ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​រថយន្ត ២​គ្រឿង ក្នុងចំណោម​រថយន្ត​សាំង​យ៉ុង ១០​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ដឹកនាំ​ដោយ​លោក ទ្រី ម៉េង​លាង នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត និង​អាវុធហត្ថ​ក្រុង​ក្រចេះ ដោយមាន​ការសម្របសម្រួល​ពី​លោក ហាក់ ហ៊​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​ឃាត់​បាន​កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​០២ ខែសីហា ម្សិលមិញ​នេះ នៅត្រង់ចំនុច​មុខ​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ក្រុង​ក្រចេះ​។​
​ប្រជាពលរដ្ឋ ដែលជា​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជន្លង់ម្រេច​ទាំងនោះ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ លុះ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា មុនពេល​កើតហេតុ គេ​សង្កេតឃើញថា ក្រុម​ឈ្មួញ​មួយក្រុម​នេះ បាននាំគ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​ក្រចេះ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​រថយន្ត​នោះ​វិញ តែ​មិន​ទទួលបាន​លទ្ធផល ។ ក្រុម​ឈ្មួញ​ទាំងនោះ ក៏បាន​បន្តដំណើរ​ឆ្ពោះទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ក្រុង​ក្រចេះ ដែលជា​កន្លែង​រក្សាទុក​រថយន្ត​បណ្ដោះអាសន្ន រួច​ក៏​នាំគ្នា​អុកឡុក​រំដោះ​យក​រថយន្ត​ចេញ​តែម្ដង ។​
​នៅក្នុង​ហេតុ​ការរំដោះ​យក​រថយន្ត​ទាំង ២​គ្រឿង​ខាងលើ​នោះ ក្រុម​ឈ្មួញ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ខូចខាត​នូវ​រថយន្ត​របស់​អាវុធ​ហត្ថ​ក្រុង មួយគ្រឿង ដែលជា​ទ្រព្យសម្បត្តិ៍​រដ្ឋ ប៉ុន្តែ​មិនមាន​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង និង​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ ។​
​ពាក់ព័ន្ធ​ជុំវិញ​ករណី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជន្លង់ម្រេច ចូល​អុកឡុក និង​រំ​ដោះយក​រថយន្ត​សាំង​យ៉ុង ចេញពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ លោក ផាត សុ​ភ័​ក្រ​វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា នៅពេលដែល​ពួកគាត់​សម្រុក​ចូលមក លោក​បាន​ឆ្លង​យោបល់​ជាមួយ​ព្រះរាជអាជ្ញា និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដោយ​ឲ្យ​កម្លាំង​នៅ​ស្ងៀម ជៀសវាង​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ។​
​លោក បាន​បញ្ជាក់ថា ឥឡូវនេះ មន្ត្រី​ជំនាញ​របស់លោក កំពុង​កសាង​សំនុំរឿង និង​បញ្ជូន​ឈ្មោះ បង្ហាញមុខ អ្នក​ដែល​ធ្វើ​សកម្មភាព​យក​រថយន្ត​នោះ បញ្ជូនទៅ​ស្ថាប័ន​តុលាការខេត្ត ដើម្បី​ចាត់វិធាន់ការ​ទៅតាម​ផ្លូវច្បាប់ ។​
​ចំណែកឯ សាក្សី​ដែល​បានឃើញ​ហេតុ​ការ បាន​ប្រាប់​ឲ្យ​ដឹងថា ខណៈដែល​សមត្ថកិច្ច ចុះបង្ក្រាប​រថយន្ត​សាំង​យ៉ុង​ដឹក​ជន្លង់ម្រេច មាន​រថយន្ត​សាំង​យ៉ុង​ដឹក​ជន្លង់ម្រេច ២​គ្រឿង បាន​បើក​ទៅបុក​គ្នាឯង​ពីក្រោយ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ សមត្ថកិច្ច ក៏​ឃាត់​ចាប់​រថយន្ដ​ទាំងនោះ តែ​ក្រុម​អ្នក​ដឹក​ជន្លង់ម្រេច​ទាំងនោះ បាន​ចុះ​ស្រែក​ឡូឡា រើ​ជន្លង់ម្រេច​ទំលាក់ចោល​ពាស់ពេញ​ផ្លូវ គំរៀម​វាយ​ឡាន​សមត្ថកិច្ច បើកឡាន​បំរុង​បុក​ឡាន​សមត្ថកិច្ច និង​បើកឡាន​រត់ចេញ នឹង​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ក្នុង​ក្រុង​ក្រចេះ ។​
​ដោយឡែក​ប្រភពពី​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​មួយចំនួន បាន​លើកឡើងថា រថយន្ត​ដឹក​ជន្ល​ង​ម្រេច​ទាំងនោះ គឺ​ដឹកជញ្ជូន​ទាំង​ថ្ងៃ ទាំងយប់ ហើយ​មាន​លក្ខណៈ​ជា​ក្រុមៗ ចាប់ពី​១០​រថយន្ត​ឡើ​ក​ទៅ តែងតែ​បើក​បិទគូទ​គ្នា​យ៉ាង​អនាធិបតេយ្យ នឹង​តែងតែ​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ជាខ្លាំង​ក្នុងការ​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ៕

13931501_1746606195577943_2106828563_o13898306_1746606202244609_896358371_o13932113_1746606198911276_1641270918_o13940061_1746606192244610_1166551075_o