ជនជាតិ​ថៃ​ជួញដូរគ្រឿងថ្នាំសារភាពថា ធ្វើតាម​បញ្ជា​មេ​​កំពុង​ជាប់​​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រឿង​គួរ​ឲ្យ​ហួសចិត្ត​បំផុត ដែល​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​គ្រាន់តែ​ទទួលបញ្ជា​ពី​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ ព្រៃ​សរ​នៅឡើយ ហើយ​ឲ្យ​រូបគេ​យក​កញ្ចប់​គ្រឿងញៀន​នេះ​ទៅ​ប្រគល់​ឲ្យ​បុរស​ជន​ជាតិចិន​ម្នាក់ទៀត ។​
​សូមបញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆៃ យ៉ា​ភុង ភិ​សៃ​ផាន់ ជនជាតិ​ថៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​បម្រុង​យកទៅលក់​បន្ត​នៅ​ម្តុំ​ភូមិ​ត្រពាំង​ឈូក មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​ពេទ្យ​លោកសង្ឃ ដែលជា​សំបុ​ក្រ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ពេល​ឃាត់ខ្លួន​ដំបូង យើង​បានធ្វើ​ការចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ម៉ា​ទឹកកក ទម្ងន់​ជាង​៣​គីឡូក្រាម​នៅក្នុង​រថយន្តរ​បស់ជនស​ង្ស័​យ ។ បន្ទាប់មក​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រលឹម ថ្ងៃទី​២ ខែសីហា កម្លាំង​ជំនាញ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ខាងលើ​ស្នាក់នៅ គឺ​ផ្ទះ​លេខ​៣ បូរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​លទ្ធផល​ដកហូត​វត្ថុតាង​រួមមាន ១-​ម្សៅ​សង្ស័យ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​២​ដុំ ប្រហែល​៦៦០​ក្រាម​, ២-​ម្សៅ​ក្រាម​សង្ស័យ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៩​ដុំ ប្រហែល​៦​គីឡូក្រាម​, ៣-​ថ្នាំ​គ្រាប់​ប្រភេទ (wy)៩​ដុំ ប្រហែល​៥២.០០០​គ្រាប់ ។​
​សមត្ថកិច្ច​បញ្ជាក់ថា គ្រឿងញៀន​៣​ប្រភេទ​ដែល​ដកហូត​ខាងលើនេះ ជា​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បង្ហើប​មិនទាន់​ជា​ផ្លូវការ​ថា មាន​ទម្ងន់​ដល់​ទៅជិត​២០​គីឡូក្រាម ប៉ុន្តែ​នៅពេល​បង្ហាញ​មុខជា​សាធារណៈ និង​សរុប​ជាក់ស្តែង​រកឃើញថា មាន​ទម្ងន់​សរុប​ជាង​១៤​គីឡូក្រាម​ប៉ុណ្ណោះ​ទេ ។ ក្នុងនោះ​ផងដែរ​សម​ត្ត​កិច្ច​ក៏បាន​ធ្វើការ​ដកហូតរ​ថយ​ន្ដ​២​គ្រឿង ដែលជា​មធ្យោបាយ​របស់​ជនសង្ស័យ​ប្រើប្រាស់ ។​
​យ៉ាងណាក៏ដោយ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន រួមជាមួយ​គ្រឿងញៀន​១៤​គីឡូក្រាម​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​មិនមែនជា​ម្ចាស់​គ្រឿងញៀន​នេះ​ទេ គេ​គ្រាន់តែ​បានទទួល​បញ្ជា​តាម​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឲ្យ​យក​កញ្ចប់​គ្រឿងញៀន​នោះ​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ទៀត រង់ចាំ​នៅ​គោលដៅ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ប៉ុណ្ណោះ ។​
​សំណួរ​សួរថា តើ​ជន​ជាតិចិន ដែល​ជាប់ពន្ធនាគា​រអា​ច​បញ្ជា​ឲ្យ​គូកន​របស់ខ្លួន​ដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដោយ​របៀប​ណា បើ​ក្នុង​ពន្ធនាគារ​បាន​រិត​បន្តឹង​និង​ហាម​អ្នកទោស ប្រើ​ទូរស័ព្ទ​នោះ ។ ចម្លើយ​គឺមាន​តែ​ថ្នាក់ដឹកនាំ​ពន្ធនាគារ​ប៉ុណ្ណោះ ទើប​អាច​ឆ្លើយបាន ។ ឬក៏​មានការ​ឃុបឃិត​គ្នា​ក្នុង​កម្រិត​ណាមួយ​នោះ ? ៕

9320ebc5-83d4-436b-bab6-1494719dc7c4