រាជធានីភ្នំពេញ៖មន្ត្រីតុលាការកំពូលបានថ្លែងឲ្យដឹងថា បន្ទាប់ពីបើកសវនាការជំនុំជម្រះ ក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមាន៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទរក្សាទុកអាវុធខុសច្បាប់ចំនួន១១ដើម, តុលាការសម្រេចនឹងប្រកាសសាលដីកា លើរឿងក្តី ក្រុមគ្រួសារថោង សារ៉ាត់ នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
យោងតាមដីកាបង្គាប់ឲ្យយកខ្លួនរបស់តុលាការកំពូលបង្ហាញថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ព្រះរាជអាជ្ញាអមតុលាការកំពូល ជាតំណាងមហាអយ្យការ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី ៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និងម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ។
គួរបញ្ជាក់ថា នៅព្រឹកនេះតុលាការកំពូលបានបើកសវនាការជំនុំជម្រះ ក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមាន៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទរក្សាទុកអាវុធខុសច្បាប់ចំនួន១១ដើម ។ ប៉ុន្តែលោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ា និងជាថៅកែបុរី៩៩៩ ពុំបានបង្ហាញខ្លួននៅតុលាការនោះទេ៕