រាជធានីភ្នំពេញ៖លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី៩ ខែសីហានេះ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា ដែលមានស្នេហាលួចលាក់ ។
តាមវិទ្យុ VOD ផ្សាយថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ធពិសិដ្ឋ បានបង្គាប់ឲ្យលោក ប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវលោក កឹម សុខា ខណដែលករណីដូចគ្នានេះ មានមន្ត្រីសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប មួយចំនួនកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ ។
យ៉ាងណាក៏ដោយ លោក ប៉ា ងួនទៀង បានថ្លែងឲ្យដឹងថា លោកគ្មានអីត្រូវព្រួយបារម្ភទេ ព្រោះមើលទៅ ខ្ញុំអត់មានការពាក់ព័ន្ធអី ជាមួយសំណុំរឿងលោក កឹម សុខា នោះទេ ដូច្នេះខ្ញុំនឹងទៅតាមពេលវេលាដែលមានកំណត់នៅក្នុងដីកា៕