រាជធានីភ្នំពេញ៖នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំង ប្រទេសកើតឡើងចំនួន ៦លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល២នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង និងអ្នកថ្មើរជើងម្នាក់ ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែងគ្រោះថ្នាក់១លើក និងបត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៧នាក់)។
ជាមួយគ្នានោះនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៥៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១១០៥គ្រឿង និងពិន័យសរុប ចំនួន ១៤៤១គ្រឿង៕