រាជធានីភ្នំពេញ៖ជនបររទេសចំនួន១៧៤នាក់ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ នៅការដ្ឋានសំណង់ (CSCEC) ក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន។
ការចុះត្រួតពិនិត្យជនបររទេស និងឃាត់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះក្រោមការដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ឲ្យដឹងថា ជនបរទេសចំនួន១៧៤នាក់ត្រូវបានធ្វើការឃាត់ខ្លួន យកទៅសួរនាំ។ លោកបញ្ជាក់ថា ការត្រួតពិនិត្យឃើញជនបរទេសចំនួន១៧៤នាក់ ស្រីចំនួន៧នាក់ មាន២សញ្ជាតិ ចិនចំនួន១៦៧នាក់ ស្រីចំនួន៧នាក់ ក្នុងនោះមានជានជាតិវៀតណាមចំនួន៧នាក់ គ្មានលិខិតឆ្លងដែន ចិនចំនួន៧៦នាក់ គ្មានលិខិតឆ្លងដែន។
លោកបន្តទៀតថា ក្រោយការសួរនាំកម្លាំងរបស់លោក បាននាំយកមនុស្សចំនួន៨៣ នាក់ស្រីចំនួន២នាក់ វៀតណាមចំនួន៧នាក់ និងលិខិតឆ្លងដែនចិន-វៀតណាមចំនួន ២៣៧ក្បាល ដកយកមកអគ្គនាយកដ្ឋាន ដើម្បីធ្វើការផាកពិន័យតាមច្បាប់៕