កម្ពុជា​-​ឥណ្ឌូនេស៊ី​សន្យា​បន្ត​ពង្រឹង​សហប្រតិបត្តិការ​វិស័យ​យោធា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​បន្ទាប់ពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ឥណ្ឌូនេស៊ី លោក វី​យ៉ា​មី​សាត វី​យ៉ា​កូ​ដូ​នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ក្រសួងការពារជាតិ​ថា ភាគី​ទាំងពីរ បាន​សន្យាថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្តទៀត​លើ​វិស័យ​ការពារជាតិ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​ថ្លែងថា កម្ពុជា​និង​ឥណ្ឌូនេស៊ី នឹង​ចុះហត្ថលេខា​លើ​អនុ​ស្សស​ន៍​រណៈ​មួយ​នៅពេល​ខាងមុខនេះ អំពី​ការពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ យោធា ក្នុងពេលដែល​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​លើ​វិស័យ​យោធា​ជា​យូរ​មកហើយ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុងជំនួប​នោះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល​អំពី​សភាព​ការ​នៅក្នុង​តំបន់​និង​ពិភពលោក ដោយ​ផ្តោតជាសំខាន់​លើ​ការជំរុញ ការថែរក្សា​ស្ថេរភាព​និង​សន្តិភាព​ក្នុងប្រទេស​នីមួយៗ ឲ្យ​បាន​រឹងមាំ ដោយ​ផ្អែកលើ​ទស្សនវិស័យ​និង​ធ្វើយ៉ាងណា​រួមគ្នា ដើម្បី​ថែរក្សា​សន្តិភាព​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។​
​លោក ទៀ បាញ់ បាន​លើកឡើងថា រយះពេល​កន្លងមកនេះ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ជួយ​កម្ពុជា យ៉ាងច្រើន​លើ​វិស័យ​ការពារជាតិ រួមមាន​ការបំពាក់​ស​ម្ភា​រៈ​បរិក្ខារ​យោធា ការបញ្ជូន​កងទ័ព​ក​ម្ពុ​ជា ជាច្រើន​ពាន់​នាក់​ទៅ​ហ្វឹកហាត់​និង​បណ្តុះបណ្តាល​ជំនាញ ដើម្បី​បង្កើន​សមត្ថភាព នៅ​ប្រទេស​ឥណ្ឌូនេស៊ី ខណដែល​ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​បញ្ជូន​គ្រូ​មក​បណ្តុះបណ្តាល ដល់​កងយោធពល​ជា​បន្តបន្ទាប់​ផងដែរ ។​
​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​លើកឡើងថា ភាគី​ទាំង​ពីរបាន​ឯកភាព រក្សា​ជំហរ អ​ព្យា​ក្រិ​ត្យ​និង​ទុក​ឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ បន្ត​ច​ចារ​គ្នា​និង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី នឹងមិន​យក​បញ្ហា​អ្វី​មក​ជំនួស​បាន​នោះឡើយ ៕

15