គាស់​ទូដែក​រោងចក្រ​យកលុយ​អស់​ជិត​២៦​ម៉ឺន​ដុល្លារ​នៅ​ស្រុក​គងពិសី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​ទូដែក​ដាក់​លុយ​របស់​រោងចក្រ​ស៊ូ​ស្តា ខេត្តកំពង់ស្ពឺ ត្រូវបាន​ក្រុមចោរ​គាស់​ចូល​យកប្រាក់​ទុក​សម្រាប់​បើក​ប្រាក់ខែ និង​ប្រាក់​ថែម​ម៉ោង​ឲ្យ​កម្មករ​អស់​ជិត​២៦​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​នោះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ។​
​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា សកម្មភាព​ចោរ​គាស់​ទូដែក​ដាក់​លុយ​នោះ​គឺ​នៅក្នុង​រោងចក្រ​តែម្តង ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពុងស្ពឺ បន្ទាប់ពី​ត្រូវ​ក្រុមចោរ​គាស់​ចូលទៅ​លួច​ប្រាក់​អស់​ចំនួន​២៥៨.៧៣៤​ដុល្លារ​អាមេរិក​ដែល​ត្រៀម​សម្រាប់​បើក​ប្រាក់ខែ និង​ប្រាក់​ថែម​ម៉ោង​កម្មករ​-​កម្មការិនី​។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា មិនទាន់មាន​ប្រភព​ណាមួយ​អះអាងថា ជនសង្ស័យ​មាន​ប៉ុន្មាន​នាក់ ហើយ​ជា​មនុស្ស​មកពី​ខាងក្រៅ ឬ​ខ្មោច​ក្នុង​ឲ្យ​ដៃ​នោះទេ ព្រោះ​ពេលនេះ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

df4bf85a-fa72-46c6-b975-fdace598e9d8d75e603b-7d89-4466-a7aa-9e241b952a53