ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មុខនៃរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាតក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជួបការលំបាក ជនចាស់ជរាគ្មានទីពឹង ជនពិការ កុមាកំព្រារ និងអ្នកផ្ទុកជំងឺអេដស៍ ។
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នេះ លោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមដំណើរដោយ លោក ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពូជាខេត្ត និងលោក លោកស្រី ក្រុមប្រតិបត្តិសាខា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនគ្រួសារក្រីក្រ ចំនួន ១០៤ គ្រួសារ មកភូមិចំនួន៤ ក្នុងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។
អំណោយដែលចែកជូននាពេលនោះ រួមមាន អង្ករ មី ត្រីខ និងថវិកាមួយចំនួន ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១០កំប៉ុង និងថវិកា ចំនួន ៣ម៉ឺនរៀល ។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក សរ ចំរុង បានមានប្រសាសន៍ថា ថ្វីត្បិតតែអំណោយទាំងអស់នោះ វាមានចំនួនបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែវាបានជួយដោះស្រាយជីវភាពខ្វះខាតរបស់បងប្អូនបានមួយរយៈពេលផងដែរ ។ ហើយកន្លងមក សាខាកាកបាតក្រហមកម្ពុជា ខេត្តក្រចេះ ក៏បានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅពេលដែលជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះអគ្គីភ័យឆេះផ្ទះជាដើម ដោយបាននាំយកនូវអំណោយសប្បុរសធម៌របស់កាកបាតក្រហមកម្ពុជាទៅចែកជូនដល់មូលដ្ឋានបានទាន់ពេលវេលា ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ ។
លោកបានបន្តថា សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះសុខទុក្ខ ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយអំណោយទាំងនោះ គឺចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត់ ទីទលក្រ គ្រប់គ្នា ដោយមិនប្រកាន់និន្នាការគោលនយោបាយ គណបក្សនយោបាយ សាសនា ឬពណ៌សម្បុរអ្វីទាំងអស់៕