រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមក្សពួក៦នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីចូលលួចឥវ៉ាន់នៅក្នុងរោងចក្រផលិតប្រអប់ភ្លើងមួយកន្លែង តែត្រូវម្ចាស់ដឹងខ្លួនទាន់ក៏ប្រតាយប្រតប់គ្នាបណ្ដាលឲ្យ២នាក់ប្តី-ប្រពន្ធរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រផលិតប្រអប់ភ្លើងមួយ ជាប់របងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងឆ្កែព្រូសយ៉ាងខ្លាំង និងឮសំឡេងថ្ងូរស្រែកឲ្យជួយផង ទើបប្រជាពលរដ្ឋបាននាំគ្នាចេញមកមើល ឃើញមានបុរសម្នាក់ខ្លួនប្រលាក់សុទ្ធតែឈាមបែកមុខបែកមាត់ រងរបួសធ្ងន់ ដេកនៅលើស្មៅជាប់របងរោងចក្រខាងក្រោយផ្ទះប្រជាពលរដ្ឋ ឃើញបែបនេះក៏បានសួរនាំហើយបុរសនោះប្រាប់ថា ពួកគេមានគ្នា៦នាក់ចូលលួចក្នុងរោងចក្រ ដោយខ្លួនជាអ្នកនៅចាំមើលផ្លូវ និងចាំម៉ូតូ ចំណែកបក្សពួក៥នាក់ទៀត បានសម្រុកចូលទៅក្នុងរោងចក្រ លួចយករបស់របរមានតម្លៃ តែត្រូវថៅកែជនជាតិ២នាក់ប្តីប្រពន្ធដឹងខ្លួន បានចេញមកប្រតាយប្រតប់គ្នាជាមួយពួកគេ ក៏ត្រូវពួកគេវាយរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ ចំណែកបុរសជនជាតិចិនម្នាក់ទៀត ដែលស្នាក់នៅក្នុងរោងចក្រដែរ ភ័យពេកបានរត់ឡើងទៅពួនលើដំបូលរោងចក្រ មិនមានរងរបួសទេ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនឈ្មោះ ចេក ចន្នី អាយុ២៩ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេបានមកលួចម្តងរួចមកហើយ ជាមួយបក្សពួកដែលធ្វើសន្តិសុខនៅរោងចក្រខាងលើនេះ ដោយលួចបានទូរស័ព្ទដៃ និងលេបថប១គ្រឿង។
ជនសង្ស័យបន្ដថា បន្ទាប់ពីលួចបាន ថៅកែបានដេញជនសង្ស័យជាសន្តិសុខចេញពីរោងចក្រឲ្យឈប់ធ្វើការ លុះដល់យប់កើតហេតុ ពួកគេមានគ្នា៦នាក់បានផឹកស៊ីស្រវឹង និងទៅជក់ថ្នាំញៀននៅបឹងឈូក រួចហើយបានបបួលគ្នាមកចូលក្នុងរោងចក្រដើម្បីលួចលុយ និងសម្ភារក្នុងរោងចក្រម្តងទៀត ស្រាប់តែ២នាក់ប្តីប្រពន្ធដឹងខ្លួន ធ្វើឲ្យមានការប្រតាយប្រតប់គ្នារងរបួសធ្ងន់២នាក់ប្តីប្រពន្ធ និងរូបគេរត់មិនរួចបានធ្លាក់ពីលើរបងបាក់ជើងរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកជនសង្ស័យត្រូវដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ដោយឡែករបស់មានតម្លៃ និងលុយត្រូវបានជនសង្ស័យយកទៅអស់ហើយ៕
ក្រុមចោរ៦នាក់ចូលលួចឥវ៉ាន់ក្នុងរោងចក្រផលិតប្រអប់ភ្លើងនៅចោមចៅ