ដោយ៖ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ឈើគ្រញូងដែលជាប្រភេទឈើដ៏មានតម្លៃ និងស្ទើរតែផុតពូជនៅក្នុងទឹកដីកម្ពុជាទៅហើយនោះ ក្នុងទឹកដីខេត្តស្ទឹងត្រែងនៅតែមានក្រុមឈ្មួញធ្វើសកម្មភាពលួចដឹកជញ្ជូនតាមរថយន្ដទំនើបៗទៅលក់នៅវៀតណាមជាបន្តបន្ទាប់ បើទោះបីជាមានការទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញយ៉ាងណាក៏ដោយ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហា ២០១៦កន្លងទៅនេះ ខាងកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញធ្វើការបង្ក្រាបនិងឃាត់រថយន្ត០១គ្រឿង ដែលផ្ទុកឈើប្រណិតប្រភេទឈើគ្រញូងចេញពីភូមិសាស្ត្រគីឡូម៉ែត្រលេខ៨ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីយកទៅលក់នៅទីផ្សារគោលដៅ តែលុះមកដល់
ចំនុចជិតគល់ស្ពានសេកុង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការប្រដេញតាមពីក្រោយនិងបានឃាត់ជាប់នៅក្នុងក្រុងស្ទឹងត្រែង ខណៈដែលក្រុមឈ្មួញបានបើករថយន្ដរត់គេចចូលក្នុងដីឡូរបស់ប្រជាពលរដ្ឋនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
បើតាមមន្ត្រីនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបរថយន្ដដឹកបទល្មើសខាងលើនេះ គឺខាងកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់បានតែឈើក្រញូងចំនួន១៩ដុំតែប៉ុណ្ណោះ ចំណែករថយន្ដនិងមនុស្សមិនត្រូវបានឃាត់ខ្លួននិងដកហូតនោះឡើយ ព្រោះខណៈនោះបទល្មើសត្រូវបានទម្លាក់ចោល រីឯរថយន្តក៏ត្រូវបានក្រុមឈ្មួញបើករត់គេចខ្លួនបានដោយសុវត្ថិភាព ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្ដដែលក្រុមឈ្មួញដឹកបទល្មើសឈើក្រញូងនោះ ត្រូវបានខាងសមត្ថកិច្ចចំណាំយ៉ាងច្បាស់ថា ជាប្រភេទរថយន្តលុចស៊ីស៤៧០ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K.5454ផងដែរ ។
បច្ចុប្បន្ន ឈើគ្រញូងចំនួន១៩ដុំ ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញ៕