រាជធានីភ្នំពេញ៖នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវជនសង្ស័យ៣នាក់ប្រដាប់ដោយកាំភ្លើងប្លន់យកម៉ូតូ ជិះរត់គេចដោយសុវត្ថិភាព ដែលករណីនេះកើតឡើងនៅវេលាម៉ោង០១ និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឯមសិក្សាបឹងត្របែក ផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ អាហ្សា ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាអ្នកបំរើការងារនៅ KTV។ តាមការឲ្យដឹងពីនារីរងគ្រោះបានបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាក លេខបន្ទាយមានជ័យ 1A-5513 ចេញពីធ្វើការ លុះជិះមកដល់ចំណុចកើតហេតុក៏មាន ជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងពីក្រោយ ហើយស្រែកឲ្យនាងឈប់ បើមិនឈប់ពួកវានឹងបាញ់សម្លាប់។ ដោយភ័យពេក នាងក៏បានឈប់ម៉ូតូ ហើយជនសង្ស័យបានប្លន់យកម៉ូតូ ជិះចេញដោយសុវត្ថិភាពតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែង កើតហេតុបានត្រឹមតែមកដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ផ្សារដើមថ្កូវ ដើម្បីសួរនាំ និងកំណត់មុខសញ្ញាតែប៉ុណ្ណោះ៕