ភ្នំពេញ៖ លោកជា សុខហៀង ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញបានចេញ ដីកាបង្គាប់ឲ្យ លោក ប៉ាវ ស៊ីណា ចូលខ្លួនឆ្លើយបំភ្លឺទៅកាន់សាលាដំបូងនៅថ្ងៃទី១២ ខែខែកញ្ញា ឆ្នាំ២០១៤ខាងមុខ វេលាម៉ោង៨:៣០នាទីព្រឹក ក្នុងសំណុំរឿងបាតុកម្មមានហិង្សានៅផ្លូវវេងស្រេង។
លោក ប៉ាវ ស៊ីណា ត្រូវបានចៅក្រមបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែងថានឹងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។
ក្នុងបទប្រកាន់ដូចគ្នានេះត្រូវគេមើលឃើញថា យ៉ាងហោចណាស់ក៏មានមេដឹកនាំសហជីពកម្មករ ៥ រូបផ្សេងទៀតដូចជា លោក រ៉ុង ឈុន និងលោក អាត់ធន់ ជាដើមក៏ត្រូវបានចៅក្រមចោទប្រកាន់ និងកោះហៅចូលបំភ្លឺដូចលោក ប៉ាវ ស៊ីណា ដែរ។
ក្នុងដីកាលោកចៅក្រមស៊ើបអង្កេត ជា សុខហៀង បានសរសេរថា បទល្មើសចោទប្រកាន់ លើមេដឹកនាំ សហជីព កម្មករខាងលើនេះ បានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ បទល្មើសនោះ ត្រូវផ្តន្ទាទោស តាមមាត្រា ២១៨ មាត្រា ៤១១ មាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោក៕