ដោយ៖សុខណាត
មណ្ឌលគិរី៖នៅយប់ថ្ងៃទី១៣វេលាម៉ោង១២ និង៤០នាទីឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦មានករណីឪពុកបានចាប់រំលោភកូនខ្លួនឯងបង្កើតបានសំរេចនៅលើផ្ទះរបស់ខ្លួនតែម្តង។ ករណីចាប់រំលោភនេះកើតឡើងនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យដែលជាឪពុកបង្កើតមានឈ្មោះ តុត ព្រុត ភេទប្រុស អាយុ៥៦ ឆ្នាំជនជាតិព្នង រស់នៅភូមិរវាក់ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី។ រីឯជនរងគ្រោះមានឈ្មោះ ព.រ ភេទស្រី អាយុ២២ឆ្នាំរស់នៅភូមិឃុំខាងលើដូចគ្នាបាននិយាយរាប់ប្រាប់អោយដឹងថា នៅវេលាម៉ោង១២យប់ឪពុករបស់ខ្លួនបានចាប់រំលោភរហូតបានសំរេច ហើយនៅពេលនោះខ្លួនក៏បានរត់ចេញពីផ្ទះទៅពួនសំងំនៅចំការក្បែរភូមិកើតហេតុ។ លុះព្រឹកឡើងនាងក៏បានដើរចេញពីចំការសំដៅទៅរកផ្លូវធំក៏បានជួបប្រជាពលរដ្ឋជិះម៉ូតូក៏សុំដោយសារដើម្បីទៅដាក់ពាក្យបណ្តឹងតែម្តង។
បើយោងតាមសំដីរបស់លោក វរសេនីយត្រី ខ្លូត សុឃា អធិការស្រុកកោះញែកបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ព.រ គឺពិតជាត្រូវឪពុកបង្កើតចាប់រំលោភដូចដែលនាងបានរៀបរាប់មកពីខាងលើពិតប្រាកដមែន។ លោកបានបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយភ្លាមនោះលោកក៏បានដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់តែម្តង ហើយបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរួចនាំមកសួរបំភ្លឺនៅអធិការស្រុក កោះញែក។
ក្រោយពីការសួនាំរបស់លោកវរសេនីយត្រី ខ្លូត សុឃា អធិការស្រុកកោះញែក ជនសង្ស័យឈ្មោះ ពុត ព្រុត បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនបង្កើតពិតប្រាកដមែន។
ក្រោយពីសួរនាំចប់លោកបានបញ្ជួនសុំណុំរឿងបន្តទៅស្នងការខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ឪពុកបង្កើតរំលោភកូនខ្លួនឯងបានសំរេច