រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៣នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង និងគោយន្តចំនួន២គ្រឿង ។ របាយការណបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ប្រជែងគ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ (យប់៦នាក់)។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៨២៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៦៧០គ្រឿង និងពិន័យសរុបចំនួន២១៥៨គ្រឿង៕