ខេត្តបន្ទាយមានជ័យ៖កម្មករខ្មែ២នាក់ដែលស៊ីឈ្នួលធ្វើស្មៅដំឡូងឲ្យថៃនៅស្រុកអារញ្ញប្រាថេតខេត្តសា កែវប្រទេសថៃត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម៌កាលពីម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ លុះនៅវេលាម៉ោង១២យប់រំលងអធ្រាត្រថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦នេះសពជនរងគ្រោះទាំង២នាក់ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសព ពលករកម្ពុជា តាមច្រកទ្វារតំបន់ស្រុកម៉ាឡៃដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកវរ:សេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថាសពជនរងគ្រោះទាំង២នោះមានឈ្មោះ អេង ដេត ភេទប្រុស អាយុ ២៥ឆ្នាំ ២មានឈ្មោះ អេង ណា ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់ មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ឲ្យដឹងទៀតថាសពទាំង២នាក់មានមុខរបរជាកម្មករធ្វើស្មៅដំឡូងឲ្យថៃនៅស្រុកអារញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃមុនពេលកើតហេតុនោះជនរងគ្រោះបានទៅជំរះស្មៅឲ្យថៃជាធម្មតាស្របពេលនោះមានភ្លៀងអមទៅដោយរន្ទះផងក៏បានបាញ់បុរសទាំង២នាក់នេះស្លាប់តែម្តង។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពនេះជារឿងមួយគួរឲ្យសោកស្តាយជាទីបំផុត៕