ខេត្តសៀមរាប៖ក្មេង៣នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ គ្រាដែលក្មេង០២នាក់ទៀតត្រូវបានជួយសង្គ្រោះភ្លាមៗ ដោយសារលង់ទឹកប្រឡាយជម្រៅ៤ម៉ែត្រកន្លះ ដែលករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ត្រី ទេព ពុំសែន បានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។
លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណី៕