រាជធានីភ្នំពេញ៖សមត្ថកិច្ចបានយកលិខិតជូនដំណឹងមួយច្បាប់របស់តុលាការទៅបិទនៅមុខផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធនេះ ខណដែលលិខិតខាងលើនេះបាន ប្រាប់មកជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរតំណាងរាស្ត្រមណ្ឌល កំពង់ចាម ឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌលេខ ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៣៨២ អ.យ.ឋ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញាត្តិមាត្រា ៥៣៤ នៃក្រមព្រហ្មទណ្ឌ យើងបានចាត់ការស៊ើបសួរចប់សព្វគ្រប់និងបានសម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះតាមដីកាដំណោះស្រាយលេខ២៨៩១ ក១.ដ.ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦៕