ខេត្តតាកែវ៖កម្មកររោងចក្រដេរ សំលៀកបំពាក់ ខេមបូថិច ត្រេឌីង ខាំភេនី ដែលមានទីតាំងនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ រាប់ពាន់នាក់ នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នាហែក្បួនមកកាន់សាលាខេត្តតាកែវ ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ អោយដកមេការរោងចក្រចេញពីការងារ ដោយក្រុមកម្មករបានចោទ ប្រកាន់មេការរោងចក្របានប្រើប្រាស់អាកប្បកិរិយាមិនល្អដាក់កម្មករ។ ការហែក្បួនធ្វើបាតុកម្មមកសាលាខេត្តនេះ បន្ទាប់ពីពួកគេបាននាំគ្នាតវ៉ានៅក្នុងរោងចក្រអស់រយះពេលជិតមួយសប្តាហ៍មកហើយ ប៉ុន្តែមិនទទួលបានលទ្ធផល ។
ពាក់ព័ន្ធការតវ៉ាខាងលើនេះ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីមាន ការតវ៉ារបស់ក្រុមកម្មករ មន្ត្រីមន្ទីរការងារបានចុះទៅសម្របសម្រួល និងផ្សះផ្សារ ដោយបាន បានដោះស្រាយ អោយសះជាបាន៨ចំណុច នៅសល់ ១ចំណុចទៀតគឺការទាមទាអោយដកមេការរោងចក្រនោះ គឺបានបញ្ជូន បញ្ហានេះទៅអោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាអ្នកសម្រច ព្រោះមន្ទីរពុំមានសិទ្ធិសម្រេចនោះទេ៕