រាជធានីភ្នំពេញ៖ករណីថៅកែហាង «រតនៈរចនាម៉ូដ » បង្កហិង្សាវ៉ៃតារត់រឺម៉កកង់បីបណ្តាលឲ្យបាក់ដៃ ដោយគ្រាន់តែចតម៉ូតូកង់បីមុខផ្ទះជនបង្កនោះ ឥឡូវនេះ ត្រូវបានម្ចាស់ហាង ធ្វើការសម្របសម្រួលជាមួយបុរសរងគ្រោះ ដោយបានសងជំងឺចិត្តចំនួន៧៥០ដុល្លារ ដើម្បីបញ្ចប់រឿង ។
យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់បានឲ្យដឹងថា ការបង្កហិង្សា ដោយចេតនាបណ្តាលឲ្យភាគីម្ខាងទៀតរងរបួសនោះមិនអាចបញ្ចប់ត្រឹមបង់លុយនោះទេ ។ ប៉ុន្តែវានៅជាប់បណ្តឹងអាជ្ញា បើទោះជាជនរងគ្រោះយល់ព្រមទទួលសំណង និងដាក់ពាក្យបណ្តឹងក៏ដោយ ។ អាចនិយាយថា ជនបង្កត្រូវប្រឈមមុខច្បាប់បន្តទៀត សំខាន់ការផ្តន្ទាទោសតាមអ្វីដែលខ្លួនបានប្រព្រឹត្តិ ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ សីហា ២០១៦ នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បាន នាំម្ចាស់ហាងកាត់ដេរ «រតនៈរចនាម៉ូត» (ជនដៃដល់) មកធ្វើត្រាប់ ក្នុងពេលប្រើហិង្សាវាយលើបុរសជាអ្នករត់ម៉ូតូកង់៣ នោះ ។ បុរសដៃដល់ជាថៅកែហាងមានឈ្មោះពៅ រតនៈ អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៣៨ ផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ បុរសរងគ្រោះឈ្មោះយឹម សុខខុន អាយុ៥១ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ ស្នាក់នៅជិតបន្ទាយទួលក្រសាំង ក្នុងភូមិយួន ឃុំលេខ១ ខេត្តកណ្តាល ។
ពាក់ព័ន្ធករណីហិង្សា ដែលបុរសចំណាស់ជាអ្នករត់រ៉ឺម៉កម៉ូតូកង់៣ ត្រូវបានម្ចាស់ហាងកាត់ដេរ «រតនៈរចនាម៉ូត» វាយបាក់ដៃឆ្វេង នោះ គឺកើតឡើងដោយគ្រាន់តែចតរ៉ឺម៉កនៅមុខផ្ទះមួយភ្លែត ដើម្បីរង់ចាំម៉ូយនោះប៉ុណ្ណោះ ។ ក្រោយកើតហេតុនេះផងដែរ ក៏ត្រូវលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវលើករណីនេះ ៕