ខេត្តពោធិ៍សាត់៖ចាប់តាំងពីថ្ងៃទី២៣ ខែសីហា អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបាននិងកំពុងចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញហើយបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។
លោក ជា ហ៊ាន ប្រធានអង្គការបានបញ្ជាក់ថា ឈើប្រណីតមានធ្នង់ជាដើមត្រូវបានគេកាប់ និងលាក់ទុកនៅក្នុងព្រៃសម្រាប់ទុកនាំទៅវៀតណាម។ ក្រៅពីហ្នឹងមានឈើប្រភេទម្រេញត្រូវគេអារជាក្តារបន្ទះៗសម្រាប់ប្រើក្នុងស្រុក។ សរុបទាំងអស់ប្រមាណ ៥០ ម៉ែត្រគុប ។ លោកបន្តថា អ្នកដើរព្រៃបានប្រាប់ពួកលោកពីបទល្មើសព្រៃឈើនោះហើយបន្ទាប់មកពួកលោកក៏បានរកឃើញឈើនោះប៉ុន្តែមិនមានឃើញកម្មករណាម្នាក់នៅទីនោះទេ។
លោក ជា ហ៊ាន ថែមទាំងបានអះអាងថា «ឈើទាំងអស់នេះជារបស់ឈ្មួញរកស៊ីធំៗតែគេយកពលរដ្ឋជាខែលឲ្យអារ និងដឹកឲ្យពួកគេ។ បទល្មើសហ្នឹងកើតនៅកន្លែងដែលបរិស្ថានគ្រប់គ្រងហើយគេអាចត្រូវគ្នា ។
ប្រជាពលរដ្ឋបានរិះគន់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់នោះគឺស្ថិតក្រោមភ្នែកមន្ត្រីបរិស្ថាន ឬ អាចនិយាយថា មានការឃុបឃិតជាមួយមន្ត្រីឧទ្យានុរក្ស បើមិនដូច្នេះទេ គេមិនអាចធ្វើសកម្មភាពដោយរលូនបាននោះឡើយ៕