រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋបានធ្វើការតវ៉ាជាថ្មីទៀត ខណៈដែលក្រុមហ៊ុនផានអ៊ីមិច របស់លោកស្រី ស៊ុយ ស៊ីផាន បានធ្វើរបងថ្ម រំលោភយកដីទំនប់ស្រែប្រាំងចំណីផ្លូវសាធារណៈ ។ ចំណែកអាជ្ញាធរដែនដី មិនមានដំណោះស្រាយជូនពួកគាត់ឡើយ គឺទំនាស់ដ៏រ៉ាំរ៉ៃកើតឡើងនៅ តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចទល់មុខអតីតរោងម៉ាស៊ីនអាឈើភូមិគ្រួសសង្កាត់សំរោង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋប្រមាណ១០គ្រួសារ នាដើមសប្តាហ៍នេះ បានចេញមកទាមទារឱ្យក្រុមហ៊ុននេះ បញ្ឈប់ការសាងសង់របងនោះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែក្រុមហ៊ុនមិនបានស្តាប់នោះទេ ហើយនៅតែបន្តសកម្មភាពដដែល ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរដែនដីឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកពួកគាត់បានធ្វើការតវ៉ាជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរសង្កាត់សំរោងធ្លាប់បានធានាអះអាងថារកដំណោះជូនពួកគាត់តែវាគ្រាន់ជាសន្យាខ្យល់ប៉ុណ្ណោះ ។ ក្រោយមកក៏មានការអន្តរាគមន៍ពីមន្ត្រីខណ្ឌព្រែកព្នៅផងដែរតែឥតប្រយោជន៍ដដែល។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា ដើម្បីការពារទ្រព្យសម្បត្តិរួមនោះ ប្រជាជនតវ៉ាទាំង១០គ្រួសារជាង ដាក់ពាក្យប្តឹងមក សាលាខណ្ឌព្រែកព្នៅ។ បើសិនជាខណ្ឌព្រែកព្នៅមិនហ៊ានចាក់ការទេ លោកនឹងឱ្យខាងក្រុងចុះ ទៅធ្វើការងាររឿងហ្នឹង។ លោកអភិបាលរងក្រុងបានស្នើសុំឱ្យប្រជាពលរដ្ឋ ដាក់បណ្តឹងការពារព្រទ្យសម្បត្តិសាធារណៈជាបន្ទាន់ដើម្បីការពារផលប្រយោជន៍រួម។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា លោកស្រី ស៊ុយ សុផាន ដើរបង្កបញ្ហាគ្រប់កន្លែង ។ ដូច្នេះលោកសុំឱ្យប្រជាជនតវ៉ា ទាំងនោះធ្វើលិខិត ជាលាយលក្ខណ៍អក្សរ ដាក់មកសាលាខណ្ឌព្រែព្នៅ លោកនឹងចុះទៅចាត់ការរឿងនេះជាបន្ទាន់៕
ពលរដ្ឋតវ៉ាចំពោះការធ្វើរបងថ្មរំលោភដីទំនប់ស្រែប្រាំងចំណីផ្លូវ